បរទេស ៖ កញ្ចប់ថវិកាការពារជាតិ របស់ប្រទេសជប៉ុន សម្រាប់ឆ្នាំក្រោយនេះ គឺស្វះស្វែងឲ្យមានចំនួន ដល់ទៅ៥១,៦ពាន់លានដុល្លារអាមេរិក និងរួមបញ្ចូលទាំងផែនការកសាងអង្គភាព សង្គ្រាមអេឡិកត្រូនិកមួយ សម្រាប់ធ្វើការត្រួតពិនិត្យប្រឆាំង នឹងប្រទេសចិន ។
ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា កញ្ចប់ថវិកាយោធារបស់ទីក្រុងតូក្យូ ដែលបានកើនឡើងជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៩ឆ្នាំចុងក្រោយ នៅក្នុងអំឡុងអាណត្តិកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូអាបេ គឺកំពុងតែកើនឡើង១,៦៣ភាគរយ សម្រាប់ឆ្នាំ២០២១។
ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បាននិយាយថា កំណើនថវិកានេះ គឺជារឿងជៀសមិនផុត ដោយលើកឡើងពីកំណើនគម្រាមកំហែងក្នុងតំបន់។ ទីក្រុងតូក្យូធ្លាប់បាននិយាយពីមុនថា ខ្លួនកំពុងតែរក្សាការឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះការគម្រាមកំហែងពីមីស៊ីលកូរ៉េខាងជើង និងសកម្មភាពនានា របស់ប្រទេសចិន នៅដែនសមុទ្រចិនខាងត្បូង និងនៅជិតប្រជុំកោះសែនកាគូ ដែលជប៉ុនអះអាងកម្មសិទ្ធិ៕
ប្រែសម្រួល៖ប៉ាង កុង