ព័ត៌មានអន្តរជាតិ

បេក្ខជនដណ្តើមតំណែង ប្រធានាធិបតីអាមេរិកលោក ចូ ប៊ីដិន សន្យាកែទម្រង់ប៉ូលីស ពេលលោកឈ្នះឆ្នោត

បរទេស៖ បេក្ខជនប្រធានាធិបតី អាមេរិកខាងគណបក្ស ប្រជាធិបតេយ្យ លោក ចូប៊ីដិន បានសន្យាថា ប្រសិនបើបាន ជាប់ឆ្នោត លោកនឹងបង្កើតគណៈកម្មការ សហព័ន្ធដើម្បីធ្វើការលើគោល នយោបាយមួយ ដែលគ្របដណ្តប់ ទៅលើការប្រើប្រាស់កម្លាំង ហួសប្រមាណ ដោយមន្រ្តីអនុវត្តច្បាប់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ប៊ីដិន បាននិយាយជាមួយសារព័ត៌មាន MSNBC កាលពីថ្ងៃសៅរ៍ថា “ យើងនឹងនាំភាគីទាំងនេះ [ប៉ូលីសនិងសាធារណជន] មកជាមួយគ្នាហើយធានាថា ការធ្វើកំណែទម្រង់ធំមួយចំនួន គឺត្រូវអនុវត្តនៅក្នុងនាយកដ្ឋានប៉ូលីស” ។

កាលពីដើមខែនេះដោយនិយាយទៅលើទីក្រុង Kenosha លោក ប៊ីដិន បានសន្យាថានឹងបង្កើតគណៈកម្មការជាតិស្តីពីប៉ូលីស ដែលមានមូលដ្ឋាននៅសេតវិមាន ប្រសិនបើគាត់ឈ្នះការបោះឆ្នោតខែវិច្ឆិកា។

សូមជម្រាបថា សហរដ្ឋអាមេរិកត្រូវបាន ឡោមព័ទ្ធមហាបាតុកម្មប្រឆាំង នឹងការរើសអើងជាតិសាសន៍ និងភាពឃោរឃៅរបស់ប៉ូលីស ចាប់តាំងពីចុងខែឧសភា បន្ទាប់ពីការស្លាប់របស់បុរសជនជាតិ អាមេរិក ដើមកំណើតអាហ្រ្វិក ដែលគ្មានអាវុធ ក្នុងដៃឈ្មោះ George Floyd ដោយមន្រ្តីស្បែកស នៅក្នុងទីក្រុង Minneapolis ។ ភាពវឹកវរទូទាំងប្រទេសបានកើន ឡើងបន្ថែមទៀត បន្ទាប់ពីការបាញ់សម្លាប់ទៅលើអ្នកដោយមិនបង្កគ្រោះថ្នាក់ម្នាក់ទៀត គឺបុរសជនជាតិ អាមេរិក ដើមកំណើតអាហ្រ្វិក ម្នាក់ទៀតឈ្មោះ Jacob Blake ដោយប៉ូលីសស្បែកសនៅក្នុងទីក្រុង Kenosha កាលពីថ្ងៃទី ២៣ ខែសីហា ។

ការតវ៉ាថ្មីៗបានផ្ទុះឡើងនៅទូទាំង សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បន្ទាប់ពីគណៈវិនិច្ឆ័យដ៏ធំ មួយមិនបានចោទប្រកាន់ប្រឆាំង នឹងប៉ូលីសចំពោះការស្លាប់ របស់ស្ត្រីជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិក ម្នាក់ឈ្មោះ Breonna Taylor ដែលត្រូវបានបាញ់សម្លាប់ជាច្រើនគ្រាប់ ដោយមន្ត្រីប៉ូលីសស្បែកស ដែលបានវាយលុកចូលផ្ទះ Louisville របស់នាង អំឡុងការឆ្មក់គ្រឿងញៀនមិនត្រឹមត្រូវនៅថ្ងៃទី ១៣ ខែមីនា ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top