ហុងកុង៖ អស់ច្រើនខែហើយដែរ ដែលតារាសម្តែង Eric Li ចាកចេញពីក្រុមហ៊ុនTVB ក្រោយបំពេញការងារនៅទីនោះអស់ពេលជាង២០ ឆ្នាំហើយពេលនេះនៅមិនទាន់មានការងារច្បាស់លាស់មួយធ្វើវិញទេ ។
តារាសម្តែងជើងចាស់ Eric Li ដែលទទួលជោគជ័យខ្លាំងក្នុងខ្សែភាពយន្តចុងក្រោយនៅ TVB “The Man Who Kill Trouble” នោះបានប្រាប់អ្នកសារព័ត៌មានថា លោកទំនេរគ្មានការងារធ្វើជាងខែហើយ ក្រោយចាកចេញពីទ្រនុំភាពយន្តល្បីមួយនេះ ។ តារាវ័យ ៤៣ ឆ្នាំEric បាននិយាយថា “ ខ្ញុំគ្មានការងារធ្វើ២ខែក្រោយចាកចេញពី TVB ពេលនោះខ្ញុំពិបាកចិត្តណាស់ ខ្ញុំព្យាយាមស្វែងរកការងារតាមអុីនធ័រណេត រហូតដល់ទូរទស្សន៍ Viu TV ហៅខ្ញុំអោយមកចូលរួមថតក្នុងកម្មវិធីមួយ ហើយទីបំផុតខ្ញុំបានទទួលថតភាពយន្តថ្មី ដែលគ្រាន់តែជាតួរាយរង ហើយការងារបន្ទាប់គឺគ្មានទេ “ ។
សម្តែងជាតួសំខាន់និងមានចិត្តល្អក្នុងភាពយន្ត “The Man Who Kill Trouble” នៅ TVB លោកEric Li ត្រូវទស្សនិកជនសរសើរគ្រប់គ្នាថាធ្វើបានល្អជាងលោកVincent Wong ទៅទៀត ហើយម្ចាស់ខ្លួនប្រាប់ដែរថាលោកធ្លាប់តែដើរតួអាក្រក់តាំងពីដើមដល់ចប់ អស់ពេល២៣ ឆ្នាំនៅទីនោះ តែពេលដើរតួមនុស្សល្អក្នុងរឿងនេះលោកសប្បាយចិត្ត ។ ទោះជាមិនទាន់មានការងារជាក់លាក់ Eric ថាលោកមិនសោកស្តាយចំពោះការចាកចេញពីTVB ព្រោះលោកសង្ឈឹមបានឱកាសថ្មី ដើម្បីពង្រឹងសមត្ថភាព ពិសេសលោកមានភរិយាល្អចាំជួយលើកទឹកចិត្ត ៕ ដោយ៖ ទូច សុខលីដា