បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសក្រិក លោក Nikos Dendias នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា សហភាពអឺរ៉ុបគួរតែចាត់វិធានការ ជុំវិញឥរិយាបថបំពានច្បាប់របស់តួកគី ដោយលើកឡើងថា ទីក្រុងអង់ការ៉ា បានបរាជ័យក្នុងការឆ្លើយតប ចំពោះកាយវិការប្រកបដោយសុឆន្ទៈរបស់សហភាពអឺរ៉ុប។
រដ្ឋមន្ត្រីការបរទេសអឺរ៉ុបនានា នៅថ្ងៃចន្ទនេះ បានធ្វើកិច្ចពិភាក្សាគ្នា ថាតើមានមូលដ្ឋានសម្រាប់ការដាក់ទណ្ឌកម្ម លើប្រទេសតួកគី ដែលធ្វើឲ្យជ្រួលច្របល់ក្នុងជម្លោះមួយ ជាមួយសមាជិកសហភាពអឺរ៉ុប គឺប្រទេសក្រិកនិងស៊ីប ជុំវិញរឿងកម្មសិទិ្ធតំបន់ឆ្នេរ នៅសមុទ្រមេឌីទែរ៉ានេ។
គួរបញ្ជាក់ថា បញ្ហានេះ តាមសេចក្តីរាយការណ៍ ក៏នឹងត្រូវលើកយកមកពិភាក្សាគ្នា ដោយថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅក្នុងជំនួបកំពូលមួយ នាថ្ងៃទី១០និង១១ ខែធ្នូខាងមុខនេះ ក្រោយមានការព្រមានពីមុន ដែលបានធ្វើឡើងនៅក្នុងខែតុលាថា ទណ្ឌកម្មគឺជាជម្រើសមួយ៕