ហាណូយ: យោងតាមការព្យាករថា តម្លៃអចលនទ្រព្យ នៅក្នុងប្រទេសវៀតណាម នឹងហក់ឡើងខ្ពស់រហូតដល់ទៅ១០% ក្នុងឆ្នាំ២០២១នេះបើធៀបនឹងឆ្នាំ២០២០ ។ នេះបើយោងតាមសារព័ត៌មាន The Star ចុះផ្សាយកាលពីពេលថ្មីៗនេះ។
លោក Nguyễn Văn Đính អគ្គលេខាធិការរងនៃសមាគមអចលនទ្រព្យវៀតណាម (Vietnam Real Estate Association (VNREA)) បានថ្លែងប្រាប់វេទិកាមួយកាលពីពេលថ្មីៗនេះថា ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ខ្លាំង មកលើវិស័យអចលនទ្រព្យ បណ្ដាលឱ្យតម្រូវការក្នុងទីផ្សារដាំក្បាលចុះ។
កាលពីដើមឆ្នាំ២០២០ ទីផ្សារអចលនទ្រព្យបាននៅទ្រឹង ដោយសារការឆ្លងរាត ត្បាតវីរុសកូវីដ-១៩ ។ ជាការឆ្លើយតប រដ្ឋាភិបាលក្រុងហាណូយ បានចាត់វិធានការជាច្រើន ដើម្បីដោះស្រាយការលំបាក ដែលវិស័យមួយនេះជួបប្រទះ ដូចជា ការប្រកាសឱ្យប្រើប្រាស់លិខិតបទដ្ឋានគតិយុត្តិ សម្រាប់ការអភិវឌ្ឍនគម្រោងខុនដូ បែបសណ្ឋាគារ (Condotel) ជាដើម។
ទោះជាយ៉ាងណា ឧបសគ្គផ្លូវច្បាប់បានធ្វើឱ្យរាំងស្ទះដល់ការផ្ទត់ផ្គង់ ជាហេតុបង្កផលលំបាកទ្វេដងដល់ទីផ្សារ។
នៅក្នុងឆមាសទី២ នៃឆ្នាំ២០២០ ទោះបីជាផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដល់ទៅ ២ រលកយ៉ាងណាក្ដី ក៏ទីផ្សារអចលនទ្រព្យវៀតណាម នៅតែទទួលបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ នៅពេលផ្ទះសម្បែងថ្មីៗចំនួន៦០.០០០ ផ្ទះត្រូវផ្គត់ផ្គង់ដល់ទីផ្សារ ដែលស្មើនឹង ៦៧,៥% បើធៀបនឹងឆ្នាំ២០១៩ ។
អគ្គលេខាធិការរង នៃសមាគមអចលនទ្រព្យវៀតណាម បានគូសបញ្ជាក់ថា “ឆ្នាំ២០២១ នឹងគ្មានហានិភ័យវិបត្តិ ឬពពុះអចលនទ្រព្យឡើយ ពោលគឺមានតែការរីកចម្រើន” ។ លោកបន្តថា “គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា បូករួមជាមួយនឹងឱកាសពាណិជ្ជកម្មអំណោយផលល្អ នឹងក្លាយជាកម្លាំងចលករដ៏ទាក់ទាញ” ។
ការវិនិយោគក្នុងវិស័យអចលនទ្រព្យ នឹងបន្តរីកទៅដល់តំបន់ភ្នំនានា។ បន្ថែមពីលើនេះ អត្រាការប្រាក់ធនាគារ ដែលអាចរក្សាបានត្រឹមកម្រិតក្នុងឆ្នាំ២០២០ នឹងជួយជំរុញការវិនិយោគកាន់តែច្រើនផងដែរ។
កត្ថាចុងក្រោយ វិធានការនានាពីរដ្ឋាភិបាលក្នុងឆ្នាំ២០២១ នឹងជួយដោះស្រាយរាល់ការលំបាកសម្រាប់ទីផ្សារ។
លោក Nguyễn Thọ Tuyển ប្រធានក្រុមហ៊ុន BHS Group បានបញ្ចេញទស្សនៈវិជ្ជមានស្រដៀងគ្នានេះថា តម្លៃអចលនទ្រព្យនឹងហក់ឡើងក្នុងឆ្នាំ២០២១ ។
ចំណែកលោក Lê Hoàng Châu ប្រធានសមាគមអចលនទ្រព្យក្រុងហូជីមិញ (HCM City Real Estate Association (HoREA)) បានលើកឡើងថា ឧបសគ្គផ្លូវច្បាប់គួរតែត្រូវបានដោះស្រាយ សម្រាប់ការអភិវឌ្ឍអចលនទ្រព្យ ក្នុងប្រទេសវៀតណាម ព្រោះក្រុមហ៊ុនទាំងអស់ ចង់បានបរិយាកាសពាណិជ្ជកម្ម ដែលត្រឹមត្រូវ បើកចំហ និងអំណោយផលល្អ។
លោកបានបន្តថា “ឆ្នាំ២០២០ មានការកែប្រែជាច្រើន នៅក្នុងការតាក់តែងយន្តការច្បាប់ នៅពេលសេចក្ដីព្រាងច្បាប់ស្តីពីការវិនិយោគ និងច្បាប់ស្ដីពីការសាងសង់ត្រូវបានអនុម័ត ដោយដោះស្រាយការលំបាកបានជាច្រើន” ។ លោកបន្តថា “ខ្ញុំយល់ថា ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ២០២១នឹងបន្តរីកចម្រើន ព្រោះប្រទេសវៀតណាម គ្រប់គ្រងការឆ្លងរាតត្បាតវីរុសកូវីដ-១៩បានហើយ។ សេដ្ឋកិច្ចរបស់វៀតណាម ក៏ទទួលបានកំណើនជាវិជ្ជមានផងដែរ” ។
ទោះជាយ៉ាងណា លោក Đặng Hùng Võ អតីតអនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានព្រមានថា ប្រសិនបើគ្រប់គ្រងមិនបានល្អទេនោះ វានឹងបង្កឱ្យមានវិបត្តិ ឬពពុះអចលនទ្រព្យនៅក្នុងទីផ្សារ។
លោកបានគូសបញ្ជាក់ថា “ក្នុងឆ្នាំ២០២១ ការធ្វើវិសោធនកម្មច្បាប់ ដើម្បីបំពេញចំណុចចន្លោះប្រហោង និងលុបបំបាត់វិធានត្រួតគ្នា គឺជាកិច្ចការសំខាន់បំផុតដែលយើងត្រូវធ្វើ” ៕
propertyarea