កីឡា

លោក Bach ប្រធាន IOC នឹងធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន នាខែឧសភា សម្រាប់ពិធី បញ្ជូនភ្លើងគប់បន្ត និងកិច្ចប្រជុំ ជាមួយSuga

តូក្យូ៖ ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ លោក Thomas Bach គ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន នៅខែឧសភា ដើម្បីចូលរួម ពិធីប្រគល់ភ្លើងគប់អូឡាំពិក ទីក្រុងតូក្យូ និងជួបជាមួយ នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រភពបាននិយាយថា លោក Bach នឹងចូលរួមព្រឹត្តិការណ៍ បញ្ជូនតនៅថ្ងៃទី១៧ ខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ត្រូវបានបំផ្លិចបំផ្លាញ ដោយការទម្លាក់គ្រាប់បែក បរមាណូរបស់សហរដ្ឋអាមេរិក អំឡុងសង្គ្រាមលោកលើកទី ២ មុនពេលជួបជាមួយ លោក Suga នៅថ្ងៃបន្ទាប់ នៅទីក្រុងតូក្យូ។

លោក Bach ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាថ្មីម្តងទៀត ជាមួយភាគីជប៉ុន នូវការប្តេជ្ញាចិត្ត ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតនេះប្រកបដោយ សុវត្ថិភាពចំពេលមាន ការឆ្លងរាលដាលនៃជំងឺឆ្លង។

នេះគឺជាដំណើរទស្សនកិច្ច លើកដំបូងរបស់លោក Bach ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ហើយនឹងមកដល់ក្នុងរយៈពេល តែជាង ២ ខែប៉ុណ្ណោះ មុនពិធីបើកការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ នៅថ្ងៃទី ២៣ ខែកក្កដា។

ប្រភពបាននិយាយថា លោក Bach ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយ ប្រធានគណៈកម្មាធិការ រៀបចំការប្រកួតកីឡាអូឡាំពិក និងកីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ លោក Seiko Hashimoto ក៏ដូចជាលោក Yuriko Koike អភិបាលទីក្រុងតូក្យូ៕ ដោយ៖លី ភីលីព

Most Popular

To Top