ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង របស់អ៊ីស្រាអែលជាង ៥០គ្រឿង វាយប្រហារគោលដៅក្រុមហាម៉ាស នៅក្រោមដី ៤០ កន្លែងនៅតំបន់ហ្គាហ្សា

បរទេស៖ ជម្លោះប្រដាប់អាវុធ រវាងប្រទេសអ៊ីស្រាអែល – ប៉ាឡេស្ទីន បានចាប់ផ្តើមឡើងវិញនៅដើមខែនេះ ដោយចាប់ផ្តើមីពីប៉ះទង្គិចគ្នារវាងពួកជ្វីហ្វ និងអារ៉ាប់ នៅទីក្រុងយេរុយសាឡិម បន្ទាប់ពីមានរបាយការណ៍ លេចចេញថា អ្នកជឿឥស្លាមត្រូវបានបដិសេធមិន អោយចូលវិហារអ៊ីស្លាម Al-Aqsa។ ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនថែមទៀត នៅពេលដែលតុលាការអ៊ីស្រាអែលសំរេច បណ្តេញគ្រួសារអារ៉ាប់មួយចំនួន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកភាគីទាំងសងខាងបានវាយប្រហារគ្នាទៅវិញទៅមកដោយក្រុមហាម៉ាសបានបាញ់រ៉ុក្កែតជាង ៣ ៣០០ គ្រាប់ឆ្ពោះទៅប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមមានអរិភាពជាមួយគ្នា។ ក្រសួងការពារជាតិអ៊ីស្រាអែល (IDF) បានបាញ់រ៉ុក្កែតរាប់រយគ្រាប់សំដៅទៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា។

រហូតមកដល់ពេលនេះការកើនឡើងនេះបានឆក់យកអាយុជីវិតមនុស្សរាប់រយនាក់និងធ្វើឱ្យមនុស្សរាប់ពាន់នាក់រងរបួស។

ក្រសួងការពារជាតិអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ខ្លួនជាង ៥០គ្រឿង បានវាយប្រហារគោលដៅហាម៉ាសនៅក្រោមដី ៤០ កន្លែងនៅតំបន់ហ្គាហ្សា៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top