សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថាប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន កំពុងរៀបចំកិច្ចពិភាក្សាផ្នែកការពារជាតិត្រីភាគី បន្ទាប់ពីត្រូវបានបង្ខំឱ្យលុបចោលកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើឡើងនៅខែមិថុនា នៅប្រទេសសិង្ហបុរី ដោយសារតែជំងឺកូវីដ-១៩ ។
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook និងសមភាគីអាមេរិក និងជប៉ុន របស់លោក – រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo Kishi បានគ្រោងនឹងធ្វើកិច្ចចរចានៅខាងក្រៅវេទិកាសន្តិសុខនៃកិច្ចសន្ទនា Shangri-La ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ីអាគ្នេយ៍ នៅថ្ងៃទី៤-៥ ខែមិថុនា។
ប៉ុន្តែអ្នករៀបចំវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានសម្រេចចិត្តលុបចោលវេទិកានេះ ដោយសារតែស្ថានភាពមេរោគពិភពលោកកាន់តែយ៉ាប់យ៉ឺន។
ជាមួយគ្នានោះដែរ មន្ត្រីក្រសួងមួយរូបបានលើកឡើងថា “ភាគីទាំង ៣ មានឆន្ទៈខ្ពស់ក្នុងការប្រជុំពិភាក្សាផ្នែកការពារជាតិត្រីភាគី ហើយយើងកំពុងស្វែងរកជម្រើសផ្សេងទៀត” ។
មន្រ្តីម្នាក់ទៀតបានឲ្យដឹងោងដែរថា ប្រទេសសម្ព័ន្ធមិត្ដទាំង៣ ចូលចិត្តការជួបជុំដោយផ្ទាល់ជាជាងសន្និសីទវីដេអូ ហើយការប្រជុំនៅហាវ៉ៃ អាចជាជំរើសមួយទៀត។
ការជំរុញឱ្យមានកិច្ចប្រជុំត្រីភាគីកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន អំពាវនាវឱ្យមានទំនាក់ទំនងល្អប្រសើររវាងទីក្រុងសេអ៊ូល និងតូក្យូ។ ក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងសេអ៊ូលថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក បានលើកឡើងថា ប្រទេសកូរ៉េខាងជើង និងចិន កំពុងបង្កបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក៕