សេដ្ឋកិច្ច​

ប្រទេសឡាវកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវហាយវ៉េល្បឿនលឿនថ្មី ដែលភ្ជាប់ប្រទេសថៃ និងប្រទេសចិន

ក្រុងវៀងច័ន្ទន៍: ពេលនេះក្រុមមន្ត្រីឡាវ កំពុងធ្វើការស្ទាបស្ទង់លើ គម្រោងស្ថាបនាផ្លូវហាយវ៉េ ល្បឿនលឿន ថ្មីមួយខ្សែនៅក្នុងប្រទេសឡាវ ភ្ជាប់ប្រទេសថៃ និងប្រទេសចិន ដែលនឹងជួយកាត់បន្ថយពេលវេលាបានច្រើន នៅក្នុងការធ្វើដំណើរទៅមករវាងប្រទេស៣​ទាំងនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា។

លោក Liu Jingwei មន្ត្រីដែលគ្រប់គ្រងគម្រោងនេះ បានលើកឡើងថា ពេលនេះក្រុមមន្រ្តីកំពុងធ្វើការស្ទាបស្ទង់ លើគម្រោងស្ថាបនាផ្លូវហាយវ៉េល្បឿនលឿន ដែលនឹងតភ្ជាប់ប្រទេសឡាវ ក្នុងភូមិសាស្ត្រស្រុក Huayxai ក្នុងខេត្ត Bokeo និងក្រុង Boten ក្នុងខេត្ត Luang Namtha ដែលស្ថិតនៅជាប់ព្រំដែនប្រទេសចិន។

យោងតាមកាសែតរដ្ឋ Vientiane Times របស់ឡាវ ដែលចេញផ្សាយជាភាសាឡាវ និងអង់គ្លេសបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿននេះត្រូវរដ្ឋាភិបាលឡាវ អនុម័តក្នុងឆ្នាំ២០២០។

គម្រោងផ្លូវហាយវ៉េល្បឿនលឿនថ្មីនេះ នឹងតភ្ជាប់ជាមួយស្រុក Chiang Khong នៃខេត្ត Chiang Rai ប្រទេសថៃ តាមរយៈស្ពានដែលមានស្រាបកាត់ទន្លេមេគ្គ។ ទោះជាយ៉ាងណា គ្មានព័ត៌មានលម្អិតសំខាន់ៗបន្ថែមទៀតអំពីគម្រោងនេះឡើយ។

កាសែត Vientiane Times បានចុះផ្សាយថា លោក Buakhong Nammavong អភិបាលខេត្ត Bokeo បានថ្លែងថា គម្រោងផ្លូវហាយវ៉េល្បឿនលឿនថ្មីនេះ នឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការដឹកជញ្ជូនទំនិញក្នុងប្រទេសឡាវ និងជាមួយប្រទេសផ្សេងៗទៀត ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា៕ប្រភព៖http://propertyarea.asia

Most Popular

To Top