ភ្នំពេញៈ រដ្ឋាភិបាល នៅតែមានគោលជំហរ ច្បាស់លាស់ ជាក់លាក់ និងប្រាកដប្រជា ដោយទោះជាស្ថិត ក្នុងវិបត្តិកូវីដ១៩ក្តី ប៉ុន្តែកម្ពុជានៅរក្សាទុន បំរ៉ុងអន្តរជាតិ ២០,៨ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំនេះ ។
យោងតាមរបាយការណ៍សន្និបាត បូកសរុបការងារឆមាសទី១ ឆ្នាំ ២០២១ កាលពីថ្ងៃទី២២ ខែកក្កដា ២០២១ ធនាគារជាតិកម្ពុជា បានបញ្ជាក់ថា នៅឆមាសទី១ឆ្នាំ២០២១ នេះ សេដ្ឋកិច្ចកម្ពុជា បន្តទទួលរងឥទ្ធិពល ពីការរាលដាល នៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុកនិងតំបន់ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍ កម្មន្តសាល និង វិស័យសំណង់ តែកសិកម្ម បន្តមានវឌ្ឍនភាពល្អ។
របាយការណ៍ដដែលបានឲ្យដឹងថា ទោះបីយ៉ាងណាទុនបំរុងអន្តរជាតិ របស់កម្ពុជា គឺបន្តស្ថិតក្នុងកម្រិតខ្ពស់ ដែលធានាការនាំចូលទំនិញ និងសេវាសម្រាប់ គ្រាបន្ទាន់បានប្រមាណជាង១០ខែ ព្រមទាំងបានពង្រឹងជំនឿទុកចិត្ត របស់សាធារណជន មកលើប្រាក់រៀលផងដែរ ។
ធនាគារជាតិកម្ពុជាបានឲ្យដឹងថា អត្រាប្តូរប្រាក់ នៅក្នុងប្រទេសកម្ពុជា បន្តមានស្ថិរភាពក្នុងរង្វង់ ៤,០៨៥ រៀលក្នុង១ ដុល្លារអាមេរិក និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សាអតិផរណាឲ្យមានកំរិតទាប ដែលអាចគ្រប់គ្រងបានគឺ ២,៥%។
ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ គឺនៅបន្តមានភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធានាគារ បានកើនឡើង ១៨% ,ឥណទានអតិថិជនមានកំណើន២៣,៤% និងប្រាក់បញ្ញើ អតិថិជនកើន ២០,៧% ។ ជាមួយគ្នានេះ ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសោធនភាព មានកម្រិតខ្ពស់១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧២,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ។
ដោយឡែកអនុបាតឥណទាន មិនដំណើរការមានកម្រិតទាបគឺ២,៤% សម្រាប់វិស័យធនាគារ និង២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេល ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផល ប៉ះពាល់ ដោយកូវីដ-១៩ ដោយមានការរៀបចំ ឥណទានឡើងវិញ ចំនួន ៣៦៧ ២៣៩ គណនី ស្មើនឹង៥,៥ពាន់ លានដុល្លារ ។