សេដ្ឋកិច្ច​

អ្នកជំនាញបង្ហើបពី បញ្ហាប្រឈមធំៗ ចំនួន៣ ដែលវិស័យអចលនទ្រព្យ ត្រូវដោះស្រាយ ដើម្បីងើបឡើងពីវិបត្តិ

គូឡាឡាំពួ: អ្នកជំនាញបានបង្ហើបថា ឧស្សាហកម្មលំនៅដ្ឋាន និងអចលនទ្រព្យចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមធំៗចំនួន៣ គឺនិរន្តរភាព នវានុវត្តន៍ (ការច្នៃប្រឌិតថ្មី) និងបច្ចេកវិទ្យាដើម្បីស្ដារឧស្សាហកម្មនេះ និងសេដ្ឋកិច្ចឡើងវិញក្នុងយុគសម័យកូវីដ-១៩។

ក្នុងសុន្ទរកថាស្វាគមន៍អំឡុងកិច្ចប្រជុំកំពូលស្តីពី លំនៅដ្ឋាន និងអចលនទ្រព្យម៉ាឡេស៊ី ឆ្នាំ២០២១ (2021 Malaysian Housing and Property Summit) កាលពីថ្ងៃអង្គារ ទី២៧ កក្កដា លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (KSI Strategic Institute for Asia Pacific) បានថ្លែងថា ឧស្សាហកម្មនេះ ចាំបាច់ត្រូវរៀបចំផែនការរបស់ខ្លួន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានដំណើរទៅមុខឡើងវិញ។

លោកលើកឡើងថា “គ្រួសារ និងអាជីវកម្មច្រើនណាស់ ដែលបានរងផលប៉ះពាល់ ហើយយើងត្រូវធ្វើការរួមគ្នាដើម្បីស្ដារឡើងវិញ។ យើងក៏ត្រូវការឱ្យរដ្ឋាភិបាល មានវិធានការឆ្លើយតបឱ្យបានច្រើនជាងមុនទៅនឹងតម្រូវការ”។

លោកបន្តថា ”គិតពីសហគមន៍អាជីវកម្ម ដោយធ្វើការរួមគ្នាជាមួយវិស័យឯកជន។ កិច្ចសហការនេះ ពិតជាមានសារៈសំខាន់ណាស់ ហើយឧស្សាហកម្មលំនៅដ្ឋាន និងអចលនទ្រព្យអាចនឹងនាំមុខនៅក្នុងការកសាងសេដ្ឋកិច្ច”។

លោកគូសបញ្ជាក់ថា សម្រាប់និរន្តរភាព យើងត្រូវធ្វើឱ្យប្រាកដថា យើងអាចរក្សាបាននូវនិរន្តរភាព ពីព្រោះនិរន្តរភាពមានសារៈសំខាន់ សម្រាប់ឧស្សាហកម្មលំនៅដ្ឋាន និងអចលនទ្រព្យ។ ឧស្សាហកម្មនេះត្រូវតែមានភាពច្នៃប្រឌិតខ្ពស់ ដោយយើងត្រូវមានសមត្ថភាពបង្កើតភាពច្នៃប្រឌិត ពីព្រោះវាជាគន្លឹះនៅក្នុងការកែប្រែឧស្សាហកម្មនេះ។

ចំណុចចុងក្រោយគឺបច្ចេកវិទ្យា។ បច្ចេកវិទ្យាគឺជាអ្នកនាំមកនូវការផ្លាស់ប្ដូរដ៏អស្ចា រ្យសម្រាប់គ្រប់វិស័យនៃសេដ្ឋកិច្ច។ ឧស្សាហកម្មលំនៅដ្ឋាន និងអចលនទ្រព្យចាំបាច់ត្រូវមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពន្លឿនការដាក់ចេញ ប្រព័ន្ធសាងសង់បែបឧស្សាហកម្ម (Industrialised Building System (IBS)) ដើម្បីធនាបានថា បច្ចេកវិទ្យាចាក់ឫសកាន់តែជ្រៅនៅក្នុងឧស្សាហកម្មនេះ”។

កិច្ចប្រជុំកំពូលដែលធ្វើឡើងតាម Video Conference នេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាន KSI Strategic Institute for Asia Pacific និង International Real Estate Federation (Fiabci) Malaysia ដែលជាស្ថាប័នសាងបណ្ដាញអាជីវកម្ម។ អ្នកចូលរួមជាង២៧០នាក់ បានចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំកំពូលរយៈពេលមួយថ្ងៃនេះ។

លោក Datuk Seri Koe Peng Kang ប្រធានរបស់ Fiabci Malaysia បានជំរុញ ឱ្យឧស្សាហកម្មលំនៅដ្ឋាន និងអចលនទ្រព្យបន្តព្យាយាម និងបោះជំហានឆ្ពោះទៅមុខ ព្រោះស្ថានភាព ដ៏អាក្រក់ជិតកន្លងផុតហើយ ដោយប្រទេសម៉ាឡេស៊ី ប្រហែលជាអាចសម្រេចបានភាពស៊ាំសហគមន៍? (Herd immunity) នៅត្រឹមខែតុលា ដែលនឹងអនុញ្ញាតឱ្យបើកសេដ្ឋកិច្ចឡើងវិញ។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំដដែលនេះ លោកស្រី Datuk Zuraida Kamaruddin រដ្ឋមន្រ្តីក្រសួងលំនៅដ្ឋានបានធ្វើការកត់សម្គាល់ថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានធ្វើការកែសម្រួលយុទ្ធសាស្ត្រអាជីវកម្មរបស់ពួកគេ ឱ្យសមស្របទៅនឹងការធ្លាក់ចុះនៃទីផ្សារដើម្បីរក្សាការប្រកួតប្រជែង ក៏ដូចជាដើម្បីជម្នះបញ្ហាប្រឈម និងស្ថាបភាពមិនច្បាស់លា​ស់នានា។ លោកស្រីជឿថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ បានសម្របខ្លួនទៅនឹងបរិបទថ្មីនៅក្នុងបរិយាកាសអាជីវកម្មអំឡុងសម័យកូវីដ-១៩។

ទោះជាយ៉ាងណា លោកស្រីយល់ថា អចលនទ្រព្យប្រហែលជាមានតម្លៃមិនធូរអំឡុងសម័យកូវីដ-១៩៕ ប្រភព៖http://propertyarea

Most Popular

To Top