Harry Kane មិនត្រូវបានបញ្ចូលក្នុង បញ្ជីឈ្មោះកីឡាកររបស់ Spurs លេងទល់នឹង Manchester City ឡើយកាលពីប្រកួតយប់មិញ។
ក្នុងជំនួបសប្ដាហ៍ បើកឆាករដូវកាលថ្មី Premier League ក្លឹបមានខ្នាយមាស Spurs បានយកឈ្នះក្រុមការពារតំណែងជើងឯក City ១-០។ មួយគ្រាប់របស់ Spurs ធ្វើបានដោយខ្សែប្រយុទ្ធ កូរ៉េខាងត្បូង Heung-min Son។
យ៉ាងណា ប្រកួតនេះគេមិនឃើញ វត្តមានរបស់ Kane ដែលជាកីឡាករគោលដៅ របស់ Man City ចង់បាននៅរដូវក្ដៅនេះទេ។ លោក Nuno អ្នកចាត់ការរបស់ Spurs បាននិយាយថា Kane មិនបានចូលរួមប្រកួតនេះ ដោយសារតែសុខភាពមិនពេញលេញល្អ ក្រោយត្រឡប់ពីការប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាល ។
Kane វ័យ២៨ឆ្នាំជាខ្សែប្រយុទ្ធដែល Man City ចិញ្ចឹមចិត្តចង់បាន ដើម្បីយកមកជំនួសកន្លែងរបស់ Sergio Aguero ដែលផ្លាស់ទៅ Barcelona។ ទល់នឹងពេលនេះអនាគតរបស់ Kane នៅតែស្រពិចស្រពិល ខណៈ City ដាក់សំណើទិញចុងក្រោយ១៥០លានអឺរ៉ូ ៕