ខ្សែប្រយុទ្ធ Harry Kane បានចោទប្រកាន់ទៅលោក Daniel Levy ប្រធានក្លឹប Spurs ថាបានក្បត់ពាក្យសន្យា របស់ខ្លួន ដោយមិនព្រមឱ្យ គេចេញនៅរដូវកាលដោះដូរកីឡាករនេះ។
អនាគតរបស់ប្រធានក្រុម Kane ខាងលើនៅមិនទាន់ច្បាស់នោះទេ ដោយបច្ចុប្បន្ននេះរូបគេ នៅជាកីឡាករ Spurs ដដែល ប៉ុន្តែហាក់បង្ហាញថា លែងចង់នៅក្លឹបនេះទៀតហើយ ។ ជាក់ស្ដែងការប្រកួតពានរង្វាន់ European Conference League ដែលក្រុម Spurs ប៉ះជាមួយក្រុម Paços Ferreira នៅរាត្រីនេះក៏មិនមានវត្ដមាន របស់គេលេងដែរ ។ ដោយក្រុម Spurs មិនបានដាក់ឈ្មោះគេលេងទេ ដោយឱ្យបន្ដហ្វឹកហាត់ ដោយខ្លួនឯងទៀត។
ស្របពេលក្រុម Manchester City ឯណោះវិញក៏កំពុង តាមទិញគេខ្លាំងដែរ។ ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាក្រុមរបស់លោក Pep ចង់បាន Kane ខ្លាំង ដោយបានផ្ដល់តម្លៃផ្ដាច់កុងត្រា១២៥លានផោន ទៅហើយ តែក្រុម Spurs នៅមិនទាន់យល់ព្រមទៀត ដោយពួកគេទាមទារដល់១៥០លានផោន។ ការមិនព្រមលក់នេះហើយ ទើបបានជាប្រធាន ក្រុមអង់គ្លេស មិនសប្បាយចិត្ត និងចោទទៅលោក Daniel Levy ថាក្បត់ពាក្យសន្យា។ កន្លងមក លោកបញ្ជាក់ថាឱ្យតែទទួលបានតម្លៃ សមរម្យនឹងឱ្យ Kane ចេញហើយ តែរហូតមកដល់ពេលនេះ នៅតែមិនព្រមដដែល៕