ក្លឹប Paris Saint-Germain បាននាំចូលកីឡាករ ចំណូលថ្មីច្រើនមែនទែន សម្រាប់រដូវកាលនេះ ប៉ុន្តែពួកគេចំណាយអស់ត្រឹមតែ៧៦លានអឺរ៉ូប៉ុណ្ណោះក្នុងការដោះដូរ។
ក្នុងប្រាក់៧៦លានអឺរ៉ូ PSG បានចំណាយ៦០ លានអឺរ៉ូទិញ Achraf Hakimi និង១៦លានអឺរ៉ូផ្សេងទៀតទិញផ្ដាច់ Danilo ដែលពួកគេធ្លាប់ខ្ចីជើងបានមួយរដូវកាល។ ការមកដល់របស់ Messi, Ramos, Wijnaldum និង Donnarumma សុទ្ធតែគ្មានតម្លៃខ្លួន។
យ៉ាងណា ដើម្បីឲ្យស្របតាមច្បាប់ Financial Fair Play ក្លឹប PSG ត្រូវលក់កីឡាករមួយចំនួនចេញខ្លះ ដើម្បីកាត់បន្ថយការ ចំណាយរបស់ក្លឹបហួសប្រមាណ ។ យោងតាមសារព័ត៌មាន Le Parisien បានបង្ហាញកីឡាករ៥រូបដែល PSG ចង់លក់ចេញក្នុងរដូវក្ដៅនេះ។
ខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Thilo Kehrer វ័យ២៤ឆ្នាំជាមុខសញ្ញាត្រូវលក់ចេញ ដោយតម្លៃខ្លួនលើទីផ្សារ របស់គេពេលនេះគឺ២៥លានអឺរ៉ូ។ ខ្សែបម្រើ Pablo Sarabia ដែលល្អនៅជម្រើសជាតិអេស្ប៉ាញ ក៏អាចនឹងចេញដូចគ្នា ជាមួយតម្លៃខ្លួន ២៥លានអឺរ៉ូ ។
Julian Draxler, Rafinha និង Layvin Kurzawa ជាកីឡាករ៣នាក់ចុងក្រោយ ដែល PSG សង្ឃឹមលក់ចេញបានមុនទីផ្សាដោះដូរបិទនៅថ្ងៃទី ៣១ ខែ សីហាខាងមុខ ៕