ព័ត៌មានអន្តរជាតិ

អូស្ត្រាលី យល់ព្រមចំពោះ ការបង្កើនបញ្ជូនកងទ័ព អាកាសអាមេរិក ក្រោយធ្វើកិច្ចព្រមព្រៀង នាវាមុជទឹក

បរទេស៖ ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសពីការពង្រីកសហប្រតិបត្តិការយោធា ដែលរួមមានទាំងការបញ្ជូនវិលជុំនៃយន្តហោះយោធាអាមេរិកគ្រប់ប្រភេទទាំងអស់ មកកាន់អូស្ត្រាលី ក្រោយមួយថ្ងៃបន្ទាប់ពីប្រកាសកិច្ចព្រមព្រៀងនាវាមុជទឹក ដែលចិនថ្កោលទោសថា ជាការបង្កើនការប្រកួតប្រជែងអាវុធក្នុងតំបន់។ 

ថ្លែងប្រាប់ក្រោយជំនួប រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកនិងអូស្ត្រាលីនោះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បានមានប្រសាសន៍ថា ភាគីទាំងពីរនឹងធ្វើឲ្យកាន់តែប្រសើរឡើងជាខ្លាំង នូវសហប្រតិបត្តិការកងកម្លាំងរបស់យើង ដោយធ្វើការបង្កើនអន្តរប្រតិបត្តិការ និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវសកម្មភាពសម្ពន្ធភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន APA នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Peter Dutton បាននិយាយប្រាប់សន្និសីទកាសែតក្នុងទីក្រុងវ៉ាស៊ីនតោនដូច្នេះថា “នេះនឹងរួមបញ្ចូលទាំងសហប្រតិបត្តិការដែនអាកាសកាន់តែខ្លាំងក្លាឡើង តាមរយៈការបញ្ជូនវិលជុំនៃយន្តហោះយោធាអាមេរិកគ្រប់ប្រភេទទាំងអស់ ទៅកាន់អូស្ត្រាលី”។ 

“យើងក៏បានបង្កើតនូវនិរន្តរភាពដឹកជញ្ជូនរួម និងសមត្ថភាពសម្រាប់ការជួសជុលថែទាំង ដើម្បីគាំទ្រសកម្មភាពកាន់តែប្រសើររបស់យើង រួមមានទាំងការដឹកជញ្ជូននិងសមត្ថភាពទ្រទ្រង់ សម្រាប់នាវាមុជទឹកនិងកងកម្លាំងប្រយុទ្ធលើផ្ទៃទឹកនៅអូស្រ្តាលី”៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top