កំពតៈ ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយខេត្តជាប់មាត់សមុទ្រ ឱ្យទៅជាតំបន់កម្សាន្តដ៏ទាក់ទាញលំដាប់អន្តរជាតិ បច្ចុប្បនេះ ខេត្តកំពត នៅតែបន្តភាពទាក់ទាញលើគម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំៗជាច្រើនដែលមានតម្លៃរាប់សិបលានដុល្លារ ដែលបម្រើដល់វិស័យទេសចរណ៍។
ភ្ជាប់ជាមួយនឹងការទទួលបានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើននៅទូទាំងខេត្តកំពត លោកបណ្ឌិត តេង រិទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុនអចលទ្រព្យ R Investment Group នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញពីក្ដីសាទរ ទៅនឹងអ្វីដែលខេត្តកំពតទទួលបាននៅពេលនេះ ជាមួយនឹងការបញ្ជាក់ថា គម្រោងបណ្តាក់ទុនវិនិយោគដែលមានទំហំជាច្រើនលានដុល្លារខាងលើនេះ ដែលភាគច្រើនជាការវិនិយោគទៅលើការបង្កើតតំបន់កម្សាន្តទ្រង់ទ្រាយធំ រួមជាមួយនឹងការសាងសង់លំនៅដ្ឋានបែបលំហែរកាយ។
លោកបណ្ឌិតបានបន្តទៀតថា “បច្ចុប្បន្ននេះមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ។ លោកបន្តថា “ជាមួយនឹងសកម្មភាពដែលកំពុងបន្តអភិវឌ្ឍន៍ ក៏មានគម្រោងថ្មីបន្តបន្ទាប់ទៀត ដែលមិនយូរមិនឆាប់ខេត្តកំពត នឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពជាក់មិនខាន” ។
ជាមួយនឹងការបង្ហាញពីសក្ដានុពល ក្នុងការវិនិយោគខាងលើនេះ លោកបណ្ឌិត តេង រិទ្ធី ក៏បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន បែបលំហែរកាយនៅពេលបច្ចុប្បន្ន ត្រូវបានធ្វើឡើងជាច្រើនគម្រោង និងច្រើនកម្រិត ហើយតម្លៃក៏អាស្រ័យទៅតាមគម្រោងផងដែរ ដែលក្នុងនោះមានតម្លៃចាប់ពីជាង៣-៤ម៉ឺនដុល្លារឡើងទៅសម្រាប់លំនៅដ្ឋានបែបលំហែរមួយខ្នង។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានមានប្រសាសន៍ផងដែរថា សព្វថ្ងៃនេះមានគម្រោងវិនិយោគ លើវិស័យបដិសណ្ឋារកិច្ចជាច្រើន នៅក្នុងខេត្តកំពត ជាពិសេស គម្រោងរមណីយដ្ឋាន សណ្ឋាគារ និងបឹងហ្គាឡូ នៅតាមដងព្រែកនានារបស់ខេត្តកំពត។
លោកបន្តថា “នៅពេលដែលមានគម្រោងវិនិយោគ ផ្នែកបដិសណ្ឋារកិច្ចច្រើននៅក្នុងខេត្តនាពេលនេះ បានឆ្លុះបញ្ចាំងនៃភាពល្អប្រសើរ និងជំរុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា នៅក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា និងធានាបាននូវគុណភាពខ្ពស់” ។លោកបន្ថែមថា “ធម្មតានៅក្នុងធ្វើពាណិជ្ជកម្ម ឬមុខជំនួញណាមួយដែលមានការប្រកួតប្រជែង វានឹងធានាបាននូវគុណភាព និងកម្រិតស្តង់ដារមួយ ហើយយើងក៏ចង់បានការប្រកួតប្រជែងបែបនេះឱ្យបានច្រើន ដើម្បីជំរុញទៅដល់ការលើកកម្ពស់កម្រិតគុណភាព” ។
លោកសយ ស៊ីណុល បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជា មិនមែនមានការប្រកួតប្រជែងតែនៅក្នុងស្រុកនៅទេ គឺកម្ពុជាបាននិងកំពុងប្រកួតប្រជែងទាំងថ្នាក់តំបន់ និងពិភពលោក លើវិស័យបដិសណ្ឋារកិច្ចនេះ។ ការទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក គឺទាមទារឱ្យមានគុណភាព និងស្តងដារចាំបាច់បំផុត ដូច្នេះ នៅពេលមានការប្រកួតប្រជែងកាន់តែច្រើនវាកាត់តែល្អ ហើយឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរ និងជាតិអន្តរជាតិ៕ប្រភព៖propertyarea.asia