សិល្បៈ និង កម្សាន្ត

រូបថតមង្គលការរបស់ Lin Chi Ling ម្សិលមិញនេះត្រូវបានចែកចាយ

តៃវ៉ាន់ ៖ ពិធីមង្គលការលើកទី២ របស់កំពូលតារាម៉ូដែលតៃវ៉ាន់ Lin Chi Ling និងស្វាមីតារាចម្រៀងជប៉ុនAkira បានបញ្ចប់រួចរាល់ហើយកាលពីម្សិលមិញនេះនៅស្រុកកំណើតរបស់នាង ។

ព័ត៌មានពី Asia News បានអោយដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកានេះថាតារាម៉ូដែលនិងជាតារាសម្តែងវ័យ៤៤ ឆ្នាំ Lin Chin Ling និងលោក Akira ដែលលួចរៀបការស្ងាត់ៗកាលពីខែមិថុនាធ្វើអោយអ្នកគាំទ្រកើតទុក្ខមិនសុខចិត្តនោះ បានរៀបចំពិធីមង្គលបែបរ៉ូមេនទិកម្តងទៀតហើយកាលពីម្សិលមិញនេះនៅកោះតៃវ៉ាន់ជាស្រុកកំណើតរបស់នាង ។ ក្នុងពិធីមង្គលលើកទី២ នេះ Chi Ling បានអញ្ជើញភ្ញៀវតែជាង១០០ នាក់ប៉ុនណោះប៉ុន្តែអ្នកស្រុកដែលជាអ្នកគាំទ្ររាប់រយនាក់មកចូលរួមអបអរនឹងថតរូបអ្នកទាំងពីរ ។ នៅមុខភ្ញៀវជាច្រើននាក់នោះ Akira និយាយទៅកាន់Chi Ling ថា “អរគុណដែលស្រលាញ់បង បងសន្យាមើលថែអូនអស់មួយជីវិត បងស្រលាញ់អូន” ហើយពួកគេពាក់ចិញ្ចៀនអោយគេទៅវិញទៅមកធ្វើអោយអ្នកចូលរំភើបជំនួសតែម្តង ។

ក្នុងឱកាសពិសេស Chi Ling បាននិយាយថានាងនិងស្វាមីស្គាល់គ្នា៨ ឆ្នាំហើយ សោកស្តាយដែលពួកគេរៀបការយឺតពេកហើយបន្ថែមថា “ សូមមើលអូនរហូតដល់ពួកយើងចាស់រាងខ្លួន អូនស្រលាញ់បង “ ៕ ដោយ៖ ទូច សុខលីដា

Most Popular

To Top