សិល្បៈ និង កម្សាន្ត

កម្លាំងអូប័រល្បឿនលឿន GTVC របស់ឧកញ៉ា ទៀ វិចិត្រ ចេញអន្តរាគមន៍ សង្គ្រោះអ្នកនេសាទលើទូក២នា​ក់ ដែលជាប់គឿងនឹងថ្មច្រាំង នៅកោះថាស

ក្រុងព្រះសីហនុ៖ មនុស្ស២នា​ក់ ដែលជាប់លើទូកនេសាទមួយគ្រឿង ដោយសារបើកទៅជាប់គឿងនឹងថ្មច្រាំង នៅកោះថាស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានជួសង្គ្រោះរួចផុត ពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿន GTVC របស់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ក្រោយចេញអន្តរាគមន៍ សង្គ្រោះភ្លាមៗ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា​ ជនរងគ្រោះទាំង២នាក់ មានឈ្មោះ យូ ភេទប្រុស អាយុ៤៦ឆ្នាំ ជាម្ចាស់ទូកនេសាទ និងឈ្មោះ គាត សេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកូនដៃទូក អ្នកទាំងពីរស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ ត្រូវបានជួយសង្គ្រោះ ដោយសុវត្ថិភាព នឹងបាននាំមកដល់កន្លែងសុវត្ថិភាពហើយ នៅព្រឹកថ្ងៃដដែល ។

សូមបញ្ជាក់ថា ទូកនេសាទ១គ្រឿងនេះ ពេលកំពុងធ្វើដំណើរនៅលើសមុទ្រ កំពុងតែមានភ្លៀងខ្យល់ខ្លាំង ហើយអ្នកបើកបរក៏ងក់មួយភាំង ធ្វើអោយទូកបើកសំដៅមកកោះថាស បុកថ្មជាប់គឿងតែម្តង និងថាមនុស្សដែលជាប់​ លើទូកទាំង២នាក់នេះ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ បានធ្វើការអំពាវនាវ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

Most Popular

To Top