សិល្បៈ និង កម្សាន្ត

ពេជ្រ វត្តីសារ៉ាវឌ្ឍី អំពាវនាវ ជួយបោះឆ្នោត ឱ្យនាង ដើម្បីមានឱកាស លើរឿងនេះ

ភ្នំពេញ ៖ ដូចមហាជន ជ្រាបមកហើយថា កម្មវិធី Miss Grand Cambodia 2022 ក្រោយការគ្រប់គ្រង របស់លោក អ៊ិន សុភិន ធ្វើឱ្យរំជួលបណ្តាញ សង្គមយ៉ាងខ្លាំង រហូតប្រមុខថ្នាក់ ដឹកនាំប្រទេសក៏ចេញ មុខប្រតិកម្ម ក្រៅពីនេះ បណ្តាអ្នកស្នេហាវិស័យ បវរកញ្ញាបានលើកឡើងថា ក្នុងឆ្នាំនេះ ពួកគេមិនបោះឆ្នោត ឱ្យឡើយ ព្រោះមិនពេញចិត្តអុ្នកគ្រប់គ្រងកម្មវិធីនេះ ដែលមិនស្តាប់មតិរិះគន់ របស់មហាជន។

ជាមួយគ្នានេះ ការប្រកួតលើឆាកអន្តរជាតិ កាន់តែកៀកមកដល់ ខណៈខាងកម្មវិធី Miss Grand International ក៏បានបង្ហោះរូបបវរកញ្ញា ដើម្បីឱ្យមានការបោះឆ្នោត បើបវរកញ្ញារូបណាទទួល បានការគាំទ្រ ច្រើននឹងមានឱកាសទទួលទាន អាហារជាមួយ ស្ថាបនិក Miss Grand គឺលោក ណាវ៉ាត់ ហើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជា ក៏បានអំពាវនាវឱ្យ ប្រជាជនកម្ពុជាជួយបោះឆ្នោតឱ្យនាងផងដែរ ។

Miss Grand Cambodia 2022 បានរៀបរាប់ថា «ជម្រាបសួរប្រជាជនកម្ពុជា នេះគឺការ Vote របស់កម្មវិធី Miss Grand International 2022 អ្នកដែលឈ្នះ១០រូបនឹងទទួលបានកិច្ចស្វាគមន៏ ដោយមានឱកាសទទួលទានអាហារ ជាមួយនឹង Mr. Nawat President MGI ដើម្បីអោយនាងខ្ញុំទទួលបានឱកាសមួយនេះ សូមជួយចុច like និង Follow ក្នុងផេកផ្លូវការណ៍ Instagram Miss Grand International !»។

ការបង្ហោះសាររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានធ្វើឱ្យអ្នកគាំទ្រ អាណិតរូបនាងយ៉ាងខ្លាំង ក្នុងឆ្នាំនេះ Miss Grand Cambodia ធ្លាក់ប្រជាប្រិយភាពខ្លាំង ប៉ុន្តែយ៉ាងណាសង្ឃឹមថា ប្រជាជនកម្ពុជា នឹងជួយបោះឆ្នោតដល់នាង ដើម្បីលើកកម្ពស់មុខមាត់ប្រទេស៕

ដោយ៖ ម៉ានី

Most Popular

To Top