សិល្បៈ និង កម្សាន្ត

លោកស្រី ញ៉ែម មរកត ៖ ការឈ្នះមេដាយ ៦៩ គ្រឿងពីជើងឯកអាស៊ាន ជាការបំបែកកំណត់ត្រាថ្មី ប្រកបដោយមោទនភាពជាតិ

ខេត្តកណ្តាល៖លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍ថា ការប្រឹងប្រែងប្រកួត របស់កីឡាករកីឡាការិនីរាំកម្ពុជាក្នុងការប្រកួតកីឡារាំជ្រើសរើសជើងឯកអាស៊ាន និងជើងឯកអាស៊ីអាគ្នេយ៍ (WDSF ASIAN-SOUTHEAST ASIAN CHAMPIONSHIP 2026) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ២០២៦ ជាការបំបែកកំណត់ត្រាថ្មីប្រកបដោយមោទនភាពជាតិ នៅក្នុងការប្រកួតអន្តរជាតិកម្រិតអាស៊ាន។

ការគូសបញ្ជាក់នេះបានធ្វើឡើងក្នុងឱកាសលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានអញ្ជើញទទួលដំណើរវិល ត្រឡប់របស់ប្រតិភូកីឡារាំ គ្រូបង្វឹក កីឡាករ កីឡាការិនីរាំកម្ពុជា សរុប ២២នាក់ (កីឡាករ កីឡាការិនី ១៨នាក់) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រី ញ៉ែម មរកត បានគូសបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជាបានបញ្ជូនអត្តពលិកចំនួន ២២នាក់ ចូលរួមប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ (WDSF ASIAN-SOUTHEAST ASIAN CHAMPIONSHIP 2026) នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយលទ្ធផលទទួល បានដណ្តើមមានមេដាយសរុបចំនួន ៦៩គ្រឿង ក្នុងនោះមេដាយមាស១៤ គ្រឿង មេដាយប្រាក់ ២៧ គ្រឿង មេដាយសំរឹទ្ធិ ២៨ គ្រឿង។ ការទទួលបានមេដាយទាំងអស់នេះ គឺនៅក្នុងការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ ចំពោះកម្រិតអាស៊ីមិនបានមេដាយទេ។

លោកស្រីបានបញ្ជាក់ថា កីឡាករ កីឡាការិនីថ្នាលអាយុ១៣ឆ្នាំ ទទួលបានមេដាយសរុប ៨គ្រឿង មាស៤គ្រឿង ប្រាក់២គ្រឿង សំរឹទ្ធិ ២គ្រឿង។ កីឡាករ កីឡាការិនិ វ័យជំទង់ពេញវ័យ បានមេដាយសរុប ៥៥គ្រឿង មេដាយមាស៧គ្រឿង មេដាយប្រាក់ ២៣គ្រឿង មេដាយសំរឹទ្ធិ ២២គ្រឿង។ ជាមួយនឹងសមិទ្ធផលរបស់ប្រភេទកីឡារាំកម្ពុជា ដែលដណ្តើមបានមេដាយច្រើន ជាងពេលណាៗទាំងអស់ នាពេលនេះ គឺជាលទ្ធផលដ៏គាប់ប្រសើរ ប្រកបដោយមោទនភាពជាតិ កិត្តិយសជាតិ កិត្យានុភាពជាតិ ដោយកើតចេញពីការគាំទ្រ និងការខិតខំរបស់ថ្នាក់ដឹកនាំ សហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនី និងដៃគូអភិវឌ្ឍន៍៕
ដោយ៖លី ភីលីព

Most Popular

To Top