សិល្បៈ និង កម្សាន្ត

តារាម៉ូដែល និងជាគ្រូបង្រៀនម៉ាឡេស៊ី នាង Taanusiya Chetty ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតបវរកញ្ញាពិភពលោក ឆ្នាំ២០២៦

ម៉ាឡេស៊ី ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាម៉ូដែល និងជាគ្រូបង្រៀនរបស់ប្រទេសម៉ាឡេស៊ី នាង Taanusiya Chetty បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតបវរកញ្ញាពិភពលោក ឆ្នាំ២០២៦ “Miss World 2026” ដែលស្មើនឹងលទ្ធផលដ៏ល្អបំផុតរបស់ប្រទេស នៃការប្រកួតបវរកញ្ញាអន្តរជាតិ។

កញ្ញាវ័យ ២៦ ឆ្នាំរូបនេះត្រូវបានជាប់ជ័យលាភីលេខ ២ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Nha Trang ប្រទេសវៀតណាម កាលពីថ្ងៃទី ៥ ខែកញ្ញា រួមជាមួយកញ្ញាឈ្នះ គឺនាង Joheirry Mola Dominguez មកពីសាធារណរដ្ឋដូមីនីកែន និងជ័យលាភីលេខ ១ នាង Elisabeth Reynes Alabern មកពីប្រទេសអេស្ប៉ាញ។

សមិទ្ធផលរបស់នាង Taanusiya ស្មើនឹងកំណត់ត្រាដែលបង្កើតឡើងដោយ Lina Teoh ក៏បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតបវរកញ្ញាពិភពលោក ឆ្នាំ ១៩៩៨ ផងដែរ។ ស្ត្រីទាំង ២ នាក់នេះ ជាបេក្ខនារីដែលមានការសម្តែងល្អបំផុតរបស់ប្រទេសម៉ាឡេស៊ីក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបវរកញ្ញានេះ។

ថ្លែងទៅកាន់ Bernama បន្ទាប់ពីការប្រកួត នាង Taanusiya ត្រូវបានគេស្គាល់ថាជា Taanu បានថ្លែងអំណរគុណដល់ប្រជាជនម៉ាឡេស៊ីចំពោះការគាំទ្ររបស់ពួកគេ។ នាងបាននិយាយថា ២៨ ឆ្នាំមុន យើងក៏បានឈ្នះចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរយៈពេលយូរមក នេះគឺជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់ប្រទេសរបស់យើង។ សូមអរគុណប្រទេសម៉ាឡេស៊ី សម្រាប់ការគាំទ្រ និងជឿជាក់លើខ្ញុំ។

នាង Taanusiya ក៏បានឈ្នះពានរង្វាន់ Beauty With A Purpose ជាការទទួលស្គាល់ដ៏សំខាន់មួយរបស់កម្មវិធី Miss World សម្រាប់គម្រោងសហគមន៍ និងការងារតស៊ូមតិរបស់បេក្ខជន។ ជ័យជម្នះរបស់នាងបានជួយធានាកន្លែងរបស់នាងនៅក្នុង Top Six។

យោងតាមប្រវត្តិរូប Miss World របស់នាង នាង Taanusiya គឺជាគ្រូបង្រៀនភាសាអង់គ្លេសកម្រិតមធ្យមសិក្សា តារាម៉ូដែល និងសកម្មជន។ ការងារតស៊ូមតិរបស់នាងផ្តោតលើការអប់រំ និងការអភិវឌ្ឍសហគមន៍។ នាងក៏បានចូលរួមក្នុងគម្រោង Lestari Laut ជាគំនិតផ្តួចផ្តើមផ្សព្វផ្សាយដែលបាននាំមកនូវសកម្មភាពអប់រំ និងការយល់ដឹងអំពីសុខភាពដល់កុមារ Orang Asli នៅតំបន់ជនបទនៃប្រទេសម៉ាឡេស៊ី៕

Most Popular

To Top