សិល្បៈ និង កម្សាន្ត

បវកញ្ញាជនជាតិដូមីនីកែន នាង Joheirry Mola ចាប់បេក្ខនារី មិនសូវមានគេចាប់អារម្មណ៍ ក្លាយជាម្ចាស់មកុដ Miss World 2026

សាធារណរដ្ឋដូមីនីកែន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Joheirry Mola ជាគ្រូបង្រៀនវ័យ ២៤ ឆ្នាំមកពីសាធារណរដ្ឋដូមីនីកែន បានផ្លាស់ប្តូរពីបេក្ខនារី ដែលមិនសូវមានគេចាប់អារម្មណ៍ ទៅជាម្ចាស់មកុដ Miss World 2026 ដោយសារការរួមបញ្ចូលគ្នា នៃភាពលេចធ្លោនៅលើឆាក ជំនាញទំនាក់ទំនង និងការងារសហគមន៍ដែលនាងបានធ្វើជាយូរមកហើយ។

ក្នុងចំណោមបេក្ខនារី ចំនួន ១១០ នាក់ក្នុងកម្មវិធី Miss World ២០២៦ នាង Mola មិនសូវទទួលបានការ ចាប់អារម្មណ៍ប៉ុន្មានទេ នៅថ្ងៃដំបូងៗ នៃការប្រកួត ហើយក៏កម្រនឹងត្រូវបានគេលើកឡើងថា ជាបេក្ខនារីដែលមាន សក្តានុពលខ្ពស់ ក្នុងការឈ្នះតំណែងនេះដែរ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលការប្រកួតដំណើរការទៅមុខ នាងបានបង្ហាញពីភាពរីកចម្រើនជាលំដាប់ ដោយធ្វើបានយ៉ាងល្អនៅវគ្គប្រកួតបឋម មុននឹងក្លាយជាបេក្ខនារីដ៏លេចធ្លោបំផុតមួយរូបនៅក្នុងរាត្រីផ្តាច់ព្រ័ត្រ។ ជ័យជម្នះរបស់នាង ក្នុងការប្រកួត Top Model សម្រាប់តំបន់អាមេរិក និងការ៉ាប៊ីន ទទួលបានកៅអីមួយ សម្រាប់នាងក្នុងចំណោមបេក្ខនារីកំពូលទាំង ៤០រូប និងបានធ្វើឲ្យនាង ក្លាយជាបេក្ខនារីដ៏លេចធ្លោមួយរូប។

ការត្រៀមខ្លួនយ៉ាងល្អឥតខ្ចោះជាប់លាប់ ទំនុកចិត្ត និង ភាពលេចធ្លោនៅលើឆាក របស់នាង បានបន្តទាក់ទាញ ការចាប់អារម្មណ៍ ហើយគេហទំព័រ Missosology បានព្យាករណ៍មុន ការប្រកួតវគ្គផ្តាច់ព្រ័ត្រថា នាងនឹងជាប់ ចំណាត់ថ្នាក់កំពូលទាំង ៣។ នាថ្ងៃទី ៥ ខែកញ្ញា នាង Mola បានយកឈ្នះលើបេក្ខនារីខ្លាំងៗជាច្រើនរូប ដើម្បីឈ្នះមកុដ Miss World នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។

អ្នកស្រី Ha Kieu Anh ជាសមាជិកគណៈកម្មការវិនិច្ឆ័យឆ្នាំនេះ បាននិយាយថា ជ័យជម្នះរបស់នាង Mola ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ដ៏ល្អដែលនាងបានបង្កើតឡើងពេញមួយរយៈពេលនៃការប្រកួត។ អ្នកស្រីបានលើកឡើងថា បេក្ខនារីទាំង ៦រូប បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ សុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន ប៉ុន្តែ Mola មានភាពលេចធ្លោ ជាងគេតាមរយៈការរួមបញ្ចូលគ្នានៃសម្រស់ ភាពវៃឆ្លាត សមត្ថភាពក្នុងការទំនាក់ទំនង និងគោលបំណងដ៏ច្បាស់លាស់។

អ្នកស្រី Kieu Anh បានបញ្ជាក់ថា អ្នកស្រីមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាពស្មោះត្រង់ និងភាពជាក់ស្តែង នៃការឆ្លើយសំណួររបស់នាង Mola ក្នុងវគ្គសួរ-ឆ្លើយ។ អ្នកស្រីបានបន្ថែមថា នាងមិនបាននិយាយអំពីគំនិត ដែលឆ្ងាយពីការពិតនោះទេ ប៉ុន្តែបានលើកយកបទពិសោធន៍ការងារ របស់នាងផ្ទាល់ក្នុងនាមជាអ្នកអប់រំមកនិយាយ ។ ខ្ញុំមានអារម្មណ៍ថា នេះមិនមែនគ្រាន់ តែជាគម្រោងសម្រាប់ ការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាអ្វី ដែលនាងជឿជាក់យ៉ាងមុតមាំ និងបានខិតខំប្រឹងប្រែងធ្វើដោយអស់ពីចិត្ត៕

Most Popular

To Top