ជប៉ុន៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា វិស័យកម្សាន្តផ្តល់នូវជម្រើសជាច្រើន ហើយទោះបីជាវាត្រូវបានគេមើលឃើញក្នុងផ្លូវមិនល្អ ដោយមនុស្សមួយចំនួនក៏ដោយ ក៏តន្ត្រីករ និងតារាសម្តែងមួយចំនួននៅតែងាកទៅរកវិស័យកម្សាន្តសម្រាប់មនុស្សពេញវ័យដែរ ។
ជួនកាល ផ្លូវដែលគេជឿថា ល្អប្រសើរសម្រាប់បុគ្គលម្នាក់ៗ អាចនឹងមិនផ្តល់លទ្ធផលដូចការរំពឹងទុកនោះទេ ដូចករណីរបស់អតីតតារាសម្តែងវ័យក្មេង គឺតារាសម្តែងជប៉ុននាង Shiho Nagisa ជាដើម ។
នាង Shiho Nagisa បានចាប់ផ្តើមអាជីពរបស់នាងនៅអាយុ ៦ ឆ្នាំ ដោយបានចូលរួមសម្តែងក្នុងកម្មវិធី តន្ត្រី ក្នុងស្រុកខេត្ត Kagoshima។ ក្នុងអំឡុងពេលសិក្សា នាងក៏បានចូលរួមក្នុងក្លឹបផ្នែកផ្សព្វផ្សាយ ប៉ុន្តែអាជីពរបស់នាងបានធ្វើឥ្យនាងក្លាយជាគោលដៅនៃការគំរាមកំហែង និងការធ្វើបាបពីសំណាក់មិត្តភក្តិ បណ្តាលឲ្យនាងធ្លាក់ខ្លួនមានបញ្ហាជំងឺមិនចង់ញ៉ាំអាហារយ៉ាងធ្ងន់ធ្ងរ។
នាងបានចែករម្លែកថា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នាងត្រូវបានជ្រើសរើសដោយភ្នាក់ងារផ្តល់សំឡេង ហើយបានផ្លាស់ទៅទីក្រុងតូក្យូ នៅទីនោះនាងភាគច្រើនទទួលបានតួនាទីតូចៗប៉ុណ្ណោះ។ ក្នុងអំឡុងពេលធ្វើការ នាងបានជួបប្រទះនឹងការបង្ខិតបង្ខំឲ្យមានទំនាក់ទំនងផ្លូវភេទ ហើយនាងបានបាត់បង់ឱកាសទទួលបានតួនាទីធំមួយ ដោយសារតែនាងបានបដិសេធចំពោះការបង្ខិតបង្ខំនោះ។
នាង Nagisa បានជួបបុគ្គលម្នាក់ក្នុងវិស័យនេះដែលបានសន្យាថានឹងជួយឲ្យនាងសម្រេចក្តីសុបិនក្នុងការក្លាយជាតារាសម្តែង ប៉ុន្តែទឹកចិត្តល្អនោះបានប្រែទៅជាអ្វីដែលនាងពណ៌នាថា ជាការលាងខួរក្បាលយ៉ាងឆាប់រហ័ស។ បុគ្គលនោះបានជួយស្វែងរកការងារឲ្យនាង ប៉ុន្តែក៏បានក្លាយជាមនុស្សដែលមានចិត្តងប់ងល់ខ្លាំង ដោយព្យាយាមទាក់ទងនាងគ្រប់ពេលវេលា។
នៅពេលម្តាយរបស់នាងសង្កេតឃើញថា នាងមានវិបត្តិផ្លូវចិត្តដោយសារតែស្ថានភាពនេះ លោកស្រីបានណែនាំឲ្យនាងកាត់ផ្តាច់ទំនាក់ទំនងជាមួយបុគ្គលនោះ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលនោះបានផ្ញើលិខិតមួយច្បាប់តាមរយៈមេធាវី ដោយទាមទារឲ្យសងប្រាក់ចំនួន ៧ លានយ៉េន (ប្រហែល ៤៥,៣៣៨ ដុល្លារអាមេរិក) ត្រឡប់មកវិញ ដើម្បីទូទាត់លើការចំណាយរបស់គាត់៕
