សិល្បៈ និង កម្សាន្ត

រូបចម្លាក់ដំបូងបង្អស់របស់លោក Johnny Depp ត្រៀមដាក់តាំងបង្ហាញជាផ្លូវការ នៅក្នុងពិព័រណ៍សិល្បៈ

​បរទេស៖ រូបចម្លាក់ដំបូងបង្អស់ របស់តារាសម្តែងហូលីវូដលោក Johnny Depp ដែលមានឈ្មោះថា ‘The Bunnyman’ ជារូបចម្លាក់ធ្វើពីសំរឹទ្ធពណ៌ស កម្ពស់ ២ម៉ែត្រ នឹងត្រូវដាក់បង្ហាញជាសាធារណៈនៅក្នុងពិព័រណ៍សិល្បៈតួកគី (Contemporary Istanbul) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ទី២៧ ខែកញ្ញា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Deadline ។

​ស្នាដៃសិល្បៈមួយនេះ នឹងត្រូវដាក់តាំងបង្ហាញនៅទីវាល ក្នុងតំបន់ Tersane Istanbul ដែលជាអតីតទីតាំងផលិតនាវាប្រវត្តិសាស្ត្រ Ottoman នៅឈូងសមុទ្រ Golden Horn ក្នុងនាមជាគម្រោងពិសេសមួយរបស់ពិព័រណ៍។

​រូបចម្លាក់នេះត្រូវបានពិពណ៌នាថាជា “អ្នកការពារដែលពាក់កណ្តាលជាមនុស្ស និងពាក់កណ្តាលជាទន្សាយ ដោយមានកាន់ ‘ដាវនៃសេចក្តីពិត’ (Sword of truth)”។ ស្នាដៃនេះមានប្រភពដើមចេញពីគំនូររបស់កូនប្រុសលោក Depp ឈ្មោះ Jack កាលពីអាយុប្រហែល ៥ឆ្នាំ ដែលបានរំលឹកលោក Depp ឱ្យនឹកឃើញដល់សុបិនដែលលោកតែងតែយល់សប្តិឃើញកាលពីកុមារភាព។ តាំងពីពេលនោះមក រូបភាពនេះតែងតែលេចឡើងជារឿយៗនៅក្នុងគំនូរព្រាង គំនូរផាត់ពណ៌ និងផ្ទាំងបោះពុម្ពរបស់លោក។
​ការលេចជារូបរាងនៃរូបចម្លាក់នេះឡើង គឺកើតចេញពីកិច្ចសហការរវាងមូលនិធិសិល្បៈ Sigg Art Foundation, Pantheon Art និងស្ទូឌីយោ Fonderia Artistica Battaglia នៅទីក្រុងមីឡាន (Milan)។

​ការដាក់តាំងបង្ហាញនេះ ធ្វើឡើងស្របពេលគ្នានឹងការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់លោក Depp ដែលមានឈ្មោះថា “A Bunch of Stuff” នៅសារមន្ទីរសិល្បៈទំនើបសៀងហៃ (Modern Art Museum Shanghai) ដោយមានដាក់តាំងបង្ហាញស្នាដៃសិល្បៈរបស់លោកសរុបជាង ២០០ ផ្ទាំង។

​លោក Depp ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលក្រោយការផលិត (Post-production) សម្រាប់ខ្សែភាពយន្ត Ebenezer និង Day Drinker បានមានប្រសាសន៍ថា៖ “នៅពេលដែលមនុស្សម្នាឃើញផ្ទាំងគំនូរ The Bunnyman ដែលខ្ញុំបានគូរ ពួកគេតែងតែសួរសំណួរដដែលៗថា តើវាមានប្រភពមកពីណា? វាគឺជាតួអង្គដែល Jack បានគូសវាសយ៉ាងស្រស់ស្អាតចេញជារូបរាងនោះ ដែលធ្វើឲ្យខ្ញុំនឹកឃើញដល់សុបិនដដែលៗរបស់ខ្ញុំកាលពីក្មេង ប្រហែលជាក្នុងវ័យស្របពេលនឹង Jack ដែរ គឺអាយុប្រហែល ៥ ឬ ៦ ឆ្នាំ…” ៕

ប្រែសម្រួល៖ គីរី

Most Popular

To Top