ភ្នំពេញ៖ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ ក្នុងពិព័រណ៌អចលនទ្រព្យប្រចាំឆ្នាំ ២០២២ រយៈពេលពីរថ្ងៃ (Real Estate Expo 2022) កាលពីពេលថ្មីៗនេះ ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលព្រីមៀ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សែលកាត ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធី បានចែករំលែកឱ្យដឹងនូវតួនាទី និងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការចូលរួមធ្វើឌីជីថលនីយកម្មនៅកម្ពុជា ដោយបានលើកឡើងនូវផលិតផល Dual Play និងផលិតផលហ្គេមលើពពក (Cloud Gaming Production) ដែលទើបនឹងបង្ហាញចេញនាពេលថ្មីៗនេះ រួមជាមួយនឹងការបង្ហាញឧបករណ៍ភ្ជាប់ ដោយអ៊ីនធើណិតជាមួយដៃគូ Nine Group។
ផលិតផល Dual Play របស់សែលកាត ដែលត្រូវបានប្រសិទ្ធនាមថា Cellcard One គឹជាការរួមបញ្ចូលគ្នានូវប្រព័ន្ធ Wifi និងការតភ្ជាប់អ៊ីនធើណិត តាមបណ្តាញទូរស័ព្ទចល័ត នៅក្នុងកញ្ចប់តែមួយ ក្រោមគណនីមួយ និងវិក្កយបត្រតែមួយ។ Cellcard One ដែលអាចប្រើប្រាស់ បានទាំងសម្រាប់គេហដ្ឋាន និងអាជីវកម្ម គឺជាគម្រោងសហការ ដ៏សំខាន់មួយ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងចំណោមក្រុមហ៊ុន បុត្រសម្ព័ន្ធផ្នែក ICT របស់ខ្លួន ដែលមាន សែលកាត និង Ezecom។ ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដែលរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ នៃបណ្តាញទូរស័ព្ទចល័តដ៏ទូលំទូលាយ របស់សែលកាត និងបណ្តាញខ្សែកាបអុបទិករបស់ Ezecom នឹងអាចធានាបាននូវការតភ្ជាប់ បណ្តាញអ៊ីនធើណិត ប្រកបដោយគុណភាពខ្ពស់ ទាំងនៅគេហដ្ឋាន កន្លែងធ្វើការ និងក្នុងពេលធ្វើដំណើរ។ កញ្ចប់ទាំងនេះ នឹងមានផ្តល់ជូននូវល្បឿន បញ្ជូនទិន្នន័យដ៏លឿនបំផុត សម្រាប់គម្រោងតាមគេហដ្ឋាន (Home Plan) ខណៈគម្រោងសម្រាប់អាជីវកម្ម (Business Plan) នឹងផ្តល់ជូននូវគុណប្រយោជន៍ខ្ពស់ រួមជាមួយនឹងតម្លៃដ៏សមរម្យបំផុត នៅលើទីផ្សារ។
ស្តង់សែលកាត ក៏បានទទួលស្វាគមន៍ នូវអ្នកចូលរួមទស្សនា ដែលមានវ័យក្មេងៗផងដែរ ដែលពួកគេសុទ្ធតែមាន ចំណាប់អារម្មណ៍ ចង់សាកល្បងជាមួយ Playgame Cloud បែបថ្មី។ Playgame Cloud ដែលត្រូវបានដាក់ឱ្យដំណើរការ បានរយៈពេលមួយខែ មុនព្រឹត្តិការណ៍តាំងពិព័រណ៍នេះ គឺជាថ្នាលលេងហ្គេម លើពពកដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។ គោលបំណងនៃសេវាកម្មនេះ គឺដើម្បីអនុញ្ញាតឱ្យការលេងហ្គេម កាន់តែមានបរិយាបន្ន តាមរយៈការប្រមូលផ្តុំ នូវហ្គេមដ៏ពេញនិយមបំផុត នៅលើប្រព័ន្ធប្រតិបត្តិការ Android និងម៉ាស៊ីនហ្គេម នៅកន្លែងតែមួយ ពោលគឺអតិថិជន អាចលេងហ្គេមទាំងនេះបាន នៅលើឧបករណ៍ ដែលពួកគេមានស្រាប់ ដូចជាទូរស័ព្ទ និងថេប្លេតជាដើម។
Nine Group ដែលជាដៃគូរបស់សែលកាត ផ្នែកឧបករណ៍ភ្ជាប់អ៊ីនធើណិត (IoT) ក៏បានចូលរួមក្នុងសកម្មភាព តាំងពិព័រណ៍នេះដូចគ្នាផងដែរ ដោយបានដាក់តាំងបង្ហាញ នូវកាមេរ៉ាភ្ជាប់អ៊ីនធើណិតជាច្រើនប្រភេទ ដែលអាចគ្រប់គ្រង និងចូលប្រើប្រាស់បាន នៅគ្រប់ទីកន្លែងពីទូរស័ព្ទ របស់ពួកគេផ្ទាល់តែម្តង។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា៖ “ពួកយើងពិតជារីករាយណាស់ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ វាបានផ្តល់នូវឱកាសដ៏វិសេសបំផុតមួយ ដែលយើងអាចបង្ហាញជូន នូវផលិតផលឌីជីថលថ្មី របស់យើង ដែលស័ក្តិសមឥតខ្ចោះ ជាមួយនឹងក្រុមអតិថិជន ដែលយើងចង់ទាក់ទាញ ឱ្យប្រើប្រាស់សេវាកម្មថ្មីទាំងនេះ។ ទន្ទឹមនឹងនេះ វាក៏បានបង្ហាញនូវឱកាស ក្នុងការចងភ្ជាប់ទំនាក់ទំនង សម្រាប់កិច្ចសហការនាពេលអនាគត ក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀត ដែលបានចូលរួម ស្របតាមចក្ខុវិស័យដូចគ្នា នៃការធ្វើឌីជីថលនីយកម្មនៅក្នុងសហគមន៍ គេហដ្ឋាន និងអាជីវកម្មរបស់យើង។ អ្វីដែលយើងអាចមើលឃើញ យ៉ាងច្បាស់នោះ គឺចំណាប់អារម្មណ៍ និងតម្រូវការលើការប្រើប្រាស់អ៊ីនធើណិត សេវាកម្មគាំទ្រដោយអ៊ីនធើណិត និងមាតិកាកម្សាន្ត ហើយនេះគឺជាអ្វីដែលយើងចង់បាន ក៏ដូចជាបន្តគាំទ្រដល់ការផ្លាស់ប្តូរ និងការពង្រឹងវិស័យឌីជីថល ជូនដល់ជីវិតទាន់សម័យបែបឌីជីថល របស់អតិថិជនយើងផងដែរ”។
អ្នកទស្សនាជាង១ម៉ឺននាក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍ រយៈពេលពីរថ្ងៃ ដែលរៀបចំដោយ realestate.com.kh នេះ។ ពិព័រណ៍វិស័យអចលនទ្រព្យនេះ មានវត្តមានចូលរួមដោយក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យល្បីៗ គម្រោងធំៗ ភ្នាក់ងារ ធនាគារ ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង ក្រុមហ៊ុនទូរគមនាគមន៍ និងសេវាកម្មជាច្រើនទៀត ដែលសុទ្ធសឹងតែជាស្ថាប័ន មានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា៕