Event

ខ្មែរ ប៊ែវើរីជីស រីករាយនាំយក​ ព្រឹត្តិការណ៍ឆ្លងឆ្នាំ​ដ៏ធំ ផ្តល់ការកម្សាន្តជូនពលរដ្ឋ រស់នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបាននាំយកនូវព្រឹត្តិការណ៍ ឆ្លងឆ្នាំដ៏ធំអស្ចារ្យ Cambodia Countdown Concert 2023 ដោយបានបិទបញ្ចប់ ទៅដោយជោគជ័យ និងបន្សល់ទុកនូវអនុស្សាវរីយ៍ ដ៏មានអត្ថន័យជូនដល់ពលរដ្ឋ រស់នៅខេត្តកំពង់ស្ពឺ។

ព្រឹត្តិការណ៍ឆ្លងឆ្នាំនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣០ និងថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២២ ដោយមានការចាក់ផ្សាយផ្ទាល់​ លើកញ្ចក់ទូរទស្សន៍ BTV News ក្រោមការឧបត្ថម្ភផ្តាច់មុខដោយ Cambodia Beer របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ធ្វើឡើងនៅឯពហុកីឡដ្ឋាន ខេត្តកំពង់ស្ពឺ ព្រឹត្តិការណ៍ឆ្លងឆ្នាំនេះមានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី ៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ ដែលឧបត្ថម្ភផ្តាច់មុខរៀបចំ ព្រឹត្តិការណ៍នេះ ក៏ដូចជាអំណរគុណ ចំពោះអាជ្ញាធរខេត្ត ស្ថាប័នជាដៃគូសហការនានា និងសប្បុរសជនទាំងអស់ ដែលបានចូលរួម ធ្វើឱ្យការឆ្លងឆ្នាំថ្មី ២០២៣ ប្រព្រឹត្តទៅយ៉ាងជោគជ័យ។

ក្រៅពីការប្រគំតន្រ្តីដ៏ធំអស្ចារ្យ ព្រឹត្តិការណ៍ឆ្លងឆ្នាំនេះ ក៏មានកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ការបង្វិលកងយករង្វាន់ពី Cambodia Beer កម្មវិធីប្រគល់រង្វាន់ទឹកប្រាក់២ម៉ឺនដុល្លារ ជូនដល់អតិថិជន១៥នាក់ពី Cambodia Beer រង្វាន់ម៉ូតូ Honda Click ចំនួន ១០គ្រឿងពី Cambodia Beer រង្វាន់ម៉ូតូ Honda Dream ចំនួន៤ គ្រឿងពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងរង្វាន់ម៉ូតូ Honda Beat ចំនួន ៥ គ្រឿងពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល។

បន្ថែមពីនេះ ក៏មានការបាញ់កាំជ្រួចអបអរសាទរ លើផ្ទៃអាកាសបែកចេញជាពន្លឺ និងពណ៌ដ៏ស្រស់ស្អាត បង្កើតនូវបរិយាកាសដ៏មានអត្ថន័យ និងអនុស្សាវរីយ៍ដ៏អស្ចារ្យមិនអាចបំភ្លេចបាន ជូនដល់បងប្អូនពលរដ្ឋរស់នៅ ខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា លើការផលិតភេសជ្ជៈ និងស្រាបៀរ ដែលបច្ចុប្បន្នក្រុមហ៊ុន មានផលិតផលល្បីៗជាច្រើន ដូចជាស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ភេសជ្ជៈ ICY COOL ទឹកក្រូចអាយស៍ IZE និងទឹកបរិសុទ្ធ កម្ពុជា។ ក្រុមហ៊ុននឹងបន្តនាំយក ព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនទៀត ដើម្បីផ្តល់ការកម្សាន្តជូនពលរដ្ឋកម្ពុជា នាពេលខាងមុខ៕

Most Popular

To Top