Event

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរ ជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នំា ២០២៤ កន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បានប្រកាសការដាក់ដំណើរការនៃការតាំងពិព័រណ៍ទេសចរណ៍ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤នេះតទៅ។ ព្រឹត្តិការណ៍នេះដែរ សន្យាថានឹងផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេសៗ ដែលមិនដែលមានពីមុនមក ទៅលើជើងហោះហើរទាំងក្នុង និងក្រៅស្រុក ដើម្បីផ្ដល់ឱកាសដល់ ប្រជាជនកម្ពុជាបានហោះហើរទៅកាន់គោលដៅ ក្នុងក្ដីស្រមៃរបស់ពួកគាត់ក្នុងតម្លៃដ៏សមរម្យបំផុត។

ពិព័រណ៍ទេសចរណ៍នេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីបង្កើនភាពទាក់ទាញ និងចំណាប់អារម្មណ៍ នៅក្នុងសហគមន៍ទេសចរណ៍ ព្រមទាំងជួយលើកស្ទួយដល់កំណើននៃ វិស័យទេសចរណ៍នៅក្នុង ប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ អ្នកចូលរួមមិនត្រឹមតែអាចរីករាយជាមួយនឹង ការផ្ដល់ជូនជើងហោះហើរក្នុងតម្លៃពិសេសប៉ុណ្ណោះទេ តែថែមទាំងអាចចូលរួមលេងហ្គេមសប្បាយៗ ទស្សនាការសម្ដែងពិសេសៗ និងមានឱកាសឈ្នះរង្វាន់ជាទីគាប់ចិត្តជាច្រើនទៀតផង។

ដោយស្របតាមការប្ដេជ្ញារបស់ក្រុមហ៊ុន អ៊ែរ អេស៊ា ដើម្បីផ្ដល់ជូននូវជម្រើសនៃ ការធ្វើដំណើរក្នុងតម្លៃសមរម្យ ពិព័រណ៍ទេសចរណ៍នេះនឹងមាននូវប្រូម៉ូសិនពិសេសៗផ្ដាច់គេ លើជើងហោះហើរក្នុងស្រុក ជាមួយនឹងតម្លៃចាប់ពី ២៧ ដុល្លារអាមេរិកក្នុងមួយជើង ទៅតំបន់ទេសចរណ៍សំខាន់ៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ចំពោះអតិថិជនដែលមានចំណាប់អារម្មណ៍ ចង់ធ្វើដំណើរទៅក្រៅប្រទេស ជើងហោះហើរអន្ដរជាតិទៅកាន់ទីក្រុងកូឡាឡាំពួរ និងបាងកក នឹងមានផ្ដល់ជូននូវតម្លៃសំបុត្រហោះហើរត្រឹមតែ ៧៥ ដុល្លារអាមេរិក ប៉ុណ្ណោះ ក្នុងមួយជើង ស្ដែងឲ្យឃើញថា នេះជាឱកាសដ៏កម្រមានពីមុនមក សម្រាប់អ្នកទេសចរដែលចង់ស្វែងយល់ពីវប្បធម៌ និងរុក រកបទពិសោធថ្មីៗនៅក្រៅប្រទេស។

លោក ណម វិស្សុត នាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌា បានមានប្រសាសន៍ថា “ការរៀបចំពិព័រណ៍ទេសចរណ៍ លើកដំបូងដែលមិនធ្លាប់មាន របស់យើងខ្ញុំនៅក្នុងរាជធានីភ្នំពេញនេះ នឹងផ្ដល់ជូននូវការបញ្ចុះតម្លៃ និងឱកាសដ៏ពិសេសដល់អតិថិជន ដ៏មានតម្លៃរបស់យើងខ្ញុំ។ ព្រឹត្តិការណ៍នេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងខ្ញុំ ក្នុងការផ្តល់ជូននូវបទពិសោធ ធ្វើដំណើរប្រកបដោយភាពងាយស្រួល និងក្នុងតម្លៃដ៏សមរម្យបំផុតសម្រាប់គ្រប់គ្នា។ មិនថាលោកអ្នកកំពុងស្វែងរក ដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា ឬទៅកាន់គោលដៅដែល លោកអ្នកប្រាថ្នានៅក្រៅប្រទេសនោះទេ ពិព័រណ៍ទេសចរណ៍របស់យើងខ្ញុំនេះ ប្រៀបបានដូចជាលិខិតឆ្លងដែនមួយ ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗដែលមិនអាចបំភ្លេចបានអ៊ីចឹង ។

“ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ ក្នុងការផ្តល់បទពិសោធធ្វើដំណើរ ក្នុងតម្លៃដ៏សមរម្យបំផុតនៅក្នុងតំបន់ អ៊ែរ អេស៊ា ប្ដេជ្ញាជំរុញវិស័យទេសចរណ៍ និងតភ្ជាប់លោកអ្នកទៅកាន់ ប្រទេសដទៃទូទាំងអាស៊ាន។ ដោយមានការគាំទ្រពីដៃគូសហការណ៍ជាច្រើន យើងខ្ញុំជឿជាក់ថា ការតាំងពិព័រណ៍ទេសចរណ៍ អ៊ែរ អេស៊ា នៅ. រាជធានីភ្នំពេញនេះនឹងទទួលបាន ភាពជោគជ័យយ៉ាងខ្លាំង។”

ក្រុមហ៊ុន អ៊ែរ អេស៊ា មានជើងហោះហើរទៅកាន់គោលដៅសំខាន់ៗចំនួន ៥ គឺប្រទេសកម្ពុជា កូឡាឡាំពួរ បាងកក និងហ្សាកាតា ដែលមានជើងហោះហើរចំនួន ៦៣ ដង ក្នុងមួយសប្ដាហ៍។ សម្រាប់ការហោះហើរក្នុងស្រុក ក្រុមហ៊ុនអាកាសចរណ៍នេះ មានជើងហោះហើរទៅកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃផងដែរ។

*ការផ្តល់ជូនប្រូម៉ូសិននេះអាស្រ័យលើចំនួនមានក្នុងស្តុក និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

Most Popular

To Top