Event

ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនមិត្តហ្វូន (Metfone) សហការគ្នាដាក់ដំណើរការយុទ្ធនាការផ្សព្វផ្សាយ «នៅពីក្រោយការពិត» ដើម្បីពង្រឹងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ជូនសាធារណជន

ដើម្បីបង្កើនការយល់ដឹង ជាសាធារណៈបន្ថែមទៀតអំពីសន្តិសុខព័ត៌មាន និងពង្រឹងការការពារខ្លួននៅក្នុងបរិបទឌីជីថល ទូរទស្សន៍ MOI TV ក្រោមឱវាទក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ដើម្បីដាក់ដំណើរការយុទ្ធនាការផ្សព្វផ្សាយ «នៅពីក្រោយការពិត»។ គំនិតផ្ដួចផ្ដើមនេះ មានគោលបំណងរួមចំណែក បង្កើតបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តកាន់តែខ្លាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

យុទ្ធនាការនេះកំពុងត្រូវបានអនុវត្តតាមរយៈកម្រងវីដេអូ «នៅពីក្រោយការពិត» ដែលបង្ហាញឡើងវិញនូវសេនារីយ៉ូ នៃការបោកប្រាស់តាមប្រព័ន្ធអនឡាញទូទៅ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចសម្គាល់ និងជៀសវាងហានិភ័យនានាក្នុងយុគសម័យឌីជីថលបានកាន់តែប្រសើរ។ កម្រងវីដេអូនេះគ្របដណ្តប់លើប្រភេទផ្សេងៗ នៃការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត រួមមាន ការបន្លំខ្លួនតាមអនឡាញ ការបោកប្រាស់តាមរយៈរឿងស្នេហា ការបោកប្រាស់ដោយប្រើបច្ចេកវិទ្យា AI (Deepfake) ការផ្ញើតំណភ្ជាប់បោកប្រាស់ (Phishing links) និងល្បិចកលលួចយកគណនីនៅលើបណ្តាញឌីជីថល។

យុទ្ធនាការនេះមានគោលដៅ ឆ្ពោះទៅកាន់គ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាពិសេសមនុស្សចាស់ និងបុគ្គលដែលមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិត។ តាមរយៈទម្រង់វីដេអូដែលងាយយល់ ងាយចូលទៅដល់ និងស្រដៀងនឹងជីវភាពរស់នៅជាក់ស្ដែង «នៅពីក្រោយការពិត» ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ការយល់ដឹង និងបំពាក់បំប៉នចំណេះដឹងសំខាន់ៗដល់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

គំនិតផ្តួចផ្តើមរួមគ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនមិត្តហ្វូន ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសាយប័រ (Cybersecurity) និងរួមចំណែកកសាងបរិយាកាសអនឡាញដែលមានសុវត្ថិភាព សុខដុមរមនា និងគួរឱ្យទុកចិត្តសម្រាប់សហគមន៍។

ខណៈពេលដែលកម្ពុជាកំពុងបន្តជម្រុញដំណើរការផ្លាស់ប្តូរឌីជីថលឱ្យកាន់តែលឿន ការធានាសុវត្ថិភាពតាមប្រព័ន្ធអនឡាញ បានក្លាយជាកិច្ចការកាន់តែសំខាន់ ដើម្បីជួយឱ្យប្រជាពលរដ្ឋទទួលបាន អត្ថប្រយោជន៍ពេញលេញពីសេវាកម្ម និងបច្ចេកវិទ្យាឌីជីថល។ បន្ថែមលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសេវាកម្មឌីជីថល ក្រុមហ៊ុនមិត្តហ្វូនក៏បានសហការយ៉ាងសកម្មជាមួយស្ថាប័នរដ្ឋាភិបាល និងអង្គការសហគមន៍នានា ដើម្បីលើកកម្ពស់ការប្រើប្រាស់អ៊ីនធឺណិត ប្រកបដោយការទទួលខុសត្រូវ និងពង្រឹងការយល់ដឹងរបស់សាធារណជន អំពីសន្តិសុខសាយប័រផងដែរ។

តាមរយៈកម្រងវីដេអូ «នៅពីក្រោយការពិត» ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនមិត្តហ្វូន សង្ឃឹមថានឹងអាចផ្សព្វផ្សាយបន្ថែមទៀត នូវសារនៃការការពារខ្លួនជាមុននៅក្នុងលំហឌីជីថល ដែលរួមចំណែកដល់ ការអភិវឌ្ឍសង្គមឌីជីថលមួយប្រកបដោយសុវត្ថិភាព ទំនើប និងនិរន្តរភាពនៅកម្ពុជា។

យុទ្ធនាការវីដេអូពេញលេញស្តីពីការយល់ដឹង និងការការពារការបោកប្រាស់តាមអនឡាញ នឹងត្រូវផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះនៅលើទំព័រ Metfone Fanpage និងកម្មវិធី TV360 by Metfone ដែលការណ៍នេះនឹងជួយពង្រីកវិសាលភាព នៃមាតិកាអប់រំដ៏សំខាន់នេះ និងផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនូវឧបករណ៍ និងចំណេះដឹងដើម្បីរក្សាសុវត្ថិភាពនៅក្នុងបរិបទឌីជីថល។

បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការដាក់ដំណើរការ កម្មវិធី TV360 by Metfone ទទួលបានការទាញយកលើសពី ១ លានដងរួចហើយនៅលើប្រព័ន្ធ Android និង iOS ដែលនេះបានពង្រឹងទីតាំងរបស់ខ្លួនជាវេទិកា OTT ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបច្ចេកវិទ្យាទំនើប បណ្ណាល័យមាតិកាដ៏សម្បូរបែប ដែលបានបញ្ចូលសំឡេងជាភាសាខ្មែរ រួមនឹងគម្រោងតម្លៃដ៏ទាក់ទាញ កម្មវិធី TV360 ផ្តល់ជូននូវបទពិសោធន៍កម្សាន្តប្រកបដោយគុណភាពខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរីករាយ ជាមួយមាតិកាដែលពួកគេចូលចិត្តបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

Most Popular

To Top