ព្រឹត្តិការណ៍

របាយការណ៍៖ យោធាអាមេរិក ត្រូវតែបង្កើនសន្ទុះ អភិវឌ្ឍន៍កម្មវិធី AI ដើម្បីរក្សាភាពទំនើប

បរទេស៖ អនុប្រធាន នៃគណៈកម្មការ សន្តិសុខជាតិ ស្តីពីកម្មវិធី AI តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នៅខ្វះខាតយុទ្ធសាស្ត្រមួយ ដើម្បីប្រជែងនឹងប្រទេសចិន ក្នុងវិស័យកម្មវិធីវៃឆ្លាត ហៅកាត់ថា AI។

លោក Robert O. Work ជាអនុប្រធានគណៈកម្មការ បាននិយាយប្រាប់ អ្នកសារព័ត៌មាន នៅមន្ទីរបញ្ចកោណដូច្នេះថា “រឿងដំបូង ដែលយើងចំាបាច់ ត្រូវតែធ្វើនោះ គឺចាប់យកការប្រកួតប្រជែងនេះ ដោយហ្មត់ចត់ ហើយយើងចាំបាច់ ត្រូវតែឈ្នះវា”។

លោកបានផ្តល់អនុសាសន៍ថា ក្រសួងការពារជាតិ គួរតែចំណាយតិចបំផុត៣,៤ភាគរយ នៃកញ្ចប់ថវិការបស់ខ្លួន ទៅលើអាទិភាព នៃកម្មវិធីវៃឆ្លាត AI ដែលបានកំណត់ តាមរយៈមជ្ឈមណ្ឌលកម្មវិធី វៃឆ្លាតចម្រុះ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI។

ចំណែឧត្តមសេនីយ៍កងកម្លាំងម៉ារីន សហរដ្ឋអាមេរិក លោក Michael S. Groen ជាប្រធាននៃមជ្ឈមណ្ឌល នៃកម្មវិធីវៃឆ្លាតចម្រុះ បានមានប្រសាសន៍ដូច្នេះថា “យើងមានឱកាសជំនាន់ថ្មី នៅទីនេះ ដើម្បីឲ្យកម្មវិធី AI ជាអនាគតរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top