ព្រឹត្តិការណ៍

ថ្ម​ដែលយកពីភពព្រះចន្ទ កាលពី​៥១ឆ្នាំមុន ពេលនេះវាត្រូវ​បានទម្លាយ​រឿង​ ដ៏សំខាន់​បំផុត​មួយ

ក្នុងអំឡុង​បេសកកម្ម​ អាប៉ូឡូទី១៧ នៅក្នុងឆ្នាំ​១៩៧២ ដែលជាបេសកកម្ម ​មាន​មនុស្ស ​ដើរលើភព​ព្រះចន្ទចុងក្រោយបំផុត រួមមានអវកាសយានិកលោក Harrison Schmitt និងលោក Eugene Cernan គឺពេលនោះ​លោកទាំងពីរ បាន​នាំយកគំរូដី និងថ្ម ប្រហែល ១១០គីឡូក្រាម មកផែនដី ដើម្បីសិក្សាលម្អិត អំពីភពព្រះចន្ទ​នេះ ។

៥១ឆ្នាំក្រោយ ពោលគឺ​ទើបតែថ្មីៗនេះ ក្រោយ​សិក្សាលម្អិត​អំពីគំរូភពព្រះចន្ទនេះ អ្នក​វិទ្យាសាស្រ្ត​បាន​ប៉ាន់ស្មាន​ថា ភព​ព្រះចន្ទ​អាច​នឹងមាន​អាយុកាល ៤,៤៦ពាន់លានឆ្នាំទៅហើយ កើតឡើង​ក្រោយ​ការកកើតឡើង​ប្រព័ន្ធព្រះអាទិត្យប្រមាណ ១១០លានឆ្នាំ ។

អ្នក​វិទ្យាសាស្រ្ត​អះអាងថា ការដឹងអំពីអាយុកាល របស់​ភព​ព្រះចន្ទកាន់តែច្បាស់ នឹង​ជួយ​​ឱ្យ​មនុស្សយើង​​ កាន់តែយល់​ច្បាស់​អំពីប្រវត្តិ​និង​ការវិវត្ត​របស់​ភព​ព្រះចន្ទ​ និងផែនដីរបស់យើង ។

សហនិពន្ធ​នៃការស្រាវជ្រាវនេះលោក Philipp Heck សាស្រ្តាចារ្យ​នៅសាកលវិទ្យាល័យ Chicago បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​គ្មានភព​ព្រះចន្ទ​ទេ នោះ​ជីវិត​លើផែនដី​យើង គឺ​នឹងមានសភាព​ខុសប្លែកពីបច្ចុប្បន្ន។ ព្រះចន្ទ​ជាផ្នែក​មួយ​នៃ​ប្រព័ន្ធ​ធម្មជាតិ​របស់យើង ដែល​យើងចង់ស្វែងយល់​ឱ្យកាន់តែច្បាស់ ហើយការ​សិក្សា​របស់​យើង​ផ្តល់នូវ​ប្រស្នា​តូចមួយ​​ក្នុង​រូបភាព​ទាំងមូលនោះ»។

គួរ​ដឹងថា ការ​សន្និដ្ឋាន​អំពី​អាយុកាល​ភពព្រះចន្ទ​នេះ គឺ​ផ្អែក​លើ​សារធាតុរ៉ែ​មួយ​ ក្នុងគំរូ​​នោះហៅថា Zircon Crystal។ វាជា​សារធាតុ​រ៉ែ​ដំបូង ​ដែល​កើតមាន​ ក្រោយការកកើត​ភពព្រះចន្ទ ដូច្នេះ​វា​ក៏អាច​បង្ហាញ ​ប្រាប់​ពី​អាយុកាល​របស់ព្រះចន្ទផងដែរ ៕

Most Popular

To Top