ព្រឹត្តិការណ៍

មុនជាតួកគីបច្ចុប្បន្ន ប្រទេសនេះធ្លាប់ជាចក្រភព​ដ៏ធំមួយ ​ដែលមាន​អាយុកាលជាង ៦០០ឆ្នាំ

មុនក្លាយជាសាធារណរដ្ឋតួកគី នាពេលបច្ចុប្បន្ន ប្រទេសនេះធ្លាប់ជាចក្រភពដ៏ធំមួយ គឺចក្រភពអូតូម៉ង់ ដែលមានអាយុកាល ៦២៣ឆ្នាំ គិតចាប់ពីឆ្នាំ ១២៩៩ ដល់ ១៩២២។

អ្នកដែលបង្កើតចក្រភពនេះ គឺមានឈ្មោះថា Osman 1 ដែលជាមេដឹកនាំកុលសម្ព័ន្ធតួកគី នៅក្នុងដែនដី Anatolia ក្នុងឆ្នាំ១២៩៩ ។ ក្រោយបង្កើតឡើងហើយ ស្តេចស៊ុលតង់ Osman I និងស្តេចក្រោយៗទៀតដូចជា Murad I និង Bayezid I បានបន្តពង្រីកទឹកដីជាបន្តបន្ទាប់។

ក្នុងឆ្នាំ១៤៥៣ ស្តេច Mehmed II នៃចក្រភពអូតូម៉ង់ បានវាយដណ្តើមកាន់កាប់ក្រុងកុងស្តង់ទីណូប ដែលជារាជធានីរបស់ចក្រភព Byzantine ហើយដោយបានបញ្ចប់អាយុកាល ១ពាន់ឆ្នាំរបស់ចក្រភពនេះផងដែរ ។ ក្រោយមកក្រុងកុងស្តង់ទីណូប ត្រូវបានប្តូរឈ្មោះទៅជាក្រុងអ៊ីស្តានប៊ុល និងក្លាយជារាជធានីថ្មី របស់ចក្រភពអូតូម៉ង់។

ក្នុងឆ្នាំ១៥១៧ ស្តេច Selim I បានប្រមូលយកស៊ីរី អារ៉ាប់ ប៉ាឡេស្ទីន និងអេហ្ស៊ីប មកស្ថិតក្រោមការគ្រប់គ្រង របស់ចក្រភពអូតូម៉ង់។

ចក្រភពនេះ បានឈានដល់កម្រិតកំពូលទាំងកម្លាំងទ័ព និងទ្រព្យសម្បត្តិហូរហៀ នៅចន្លោះឆ្នាំ ១៥២០ ដល់ ១៥៦៦ ក្នុងអំឡុងការសោយរាជ្យរបស់ស្តេច Suleiman the Magnificent ។ ពេលនោះ ទឹកដីចក្រភពអូតូម៉ង់ បានរីកធំបំផុត ដែលមានផ្ទៃដីសរុបជាង ២,២៧លានគីឡូម៉ែត្រការ៉េ លាតសន្ធឹងលើមជ្ឈិមបូព៌ា អឺរ៉ុបខាងកើត និងអាហ្វ្រិកខាងជើង ។

ជារួមបើគិតប្រទេសបច្ចុប្បន្ន ដែលស្ថិតក្នុងទឹកដីអូតូម៉ង់ពេលនោះ រួមមាន៖ តួកគី, អាល់បានី, អាល់ហ្សេរី, អាមេនី, បូស្ន៊ី, ប៊ុលហ្គារី, សាយព្រុស, អេហ្ស៊ីប, អ៊ីរីទ្រា, ក្រិច, ហុងគ្រី, ស្លូវ៉ាគី, អ៊ីរ៉ាក់, ហ្សកដានី, កូសូវ៉ូ, លីប៊ី, ម៉ាកសេដូនី, ម៉ង់តេណេក្រូ, ប៉ាឡេស្ទីន, អ៊ីស្រាអែល, ស៊ែប, ស៊ីរី, ស៊ូដង់, ទុយនីស៊ី និងអ៊ុយក្រែន ។

យ៉ាងណាមិញ ចាប់ពីឆ្នាំ១៦០០មក ចក្រភពអូតូម៉ង់ បានចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗទាំងទ័ព និងសេដ្ឋកិច្ច ពិសេសគឺការគ្រប់គ្រងនៅតំបន់អឺរ៉ុប ព្រោះថាពេលនោះជាសម័យនៃការងើបឡើងរបស់អឺរ៉ុប ជាពិសេសក្រោយបដិវត្តន៍ឧស្សហកម្មនៅអង់គ្លេស។

ពីឆ្នាំ ១៨៣០ ដល់ ១៨៧៨ ក្រិច រូម៉ានី ស៊ែប និងប៊ុលហ្គារី បានផ្តាច់ខ្លួនចេញពីចក្រភពអូតូម៉ង់ ដោយប្រកាសឯករាជ្យរៀងៗខ្លួន។ ក្នុងអំឡុងសង្គ្រាមនៅឧបទ្វីបបាល់កាន ចន្លោះឆ្នាំ ១៩១២ និង ១៩១៣ ចក្រភពអូតូម៉ង់ បានបាត់បង់ទឹកដីរបស់ខ្លួនស្ទើរតែទាំងអស់នៅអឺរ៉ុប។

ក្នុងសង្គ្រាមលោកលើកទី១ នៅឆ្នាំ១៩១៤ កងទ័ពអូតូម៉ង់ បានចូលរួមសម្ព័ន្ធមិត្តជាមួយអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រី ប៉ុន្តែសម្ព័ន្ធមិត្តទាំងនេះ បានចាញ់សង្គ្រាម នៅខែតុលា ឆ្នាំ១៩១៨ ហើយក្រោយពីពេលនោះមក ទឹកដីអូតូម៉ង់ភាគច្រើន ត្រូវបានហែកចែកគ្នាកាន់កាប់ដោយអង់គ្លេស បារាំង ក្រិច និងរុស្ស៊ី។

ចក្រភពអូតូម៉ង់ ត្រូវបានបញ្ចប់អាយុកាលត្រឹមឆ្នាំ ១៩២២។ តួកគី ដែលជាអ្នកស្នងតំណែង បានប្រកាសបង្កើតសាធារណរដ្ឋនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩២៣។ លោក Mustafa Kemal Ataturk ដែលជាស្ថាបនិកសាធារណរដ្ឋតួកគី បានធ្វើជាប្រធានាធិបតីទីមួយនៃប្រទេសនេះ រហូតដល់ទទួលមរណភាពក្នុងឆ្នាំ១៩៣៨ ៕

Most Popular

To Top