ប្លែកៗ

ប្រាក់ចំណេញរបស់ Facebook កើនឡើង ខណៈអ្នកប្រើប្រាស់ក៏បន្តកើនឡើងដែរ

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៩ថា បណ្តាញសង្គមយក្សហ្វេសប៊ុក (Facebook) បានឲ្យដឹងថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួនបានកើនឡើង ស្របនឹងមូលដ្ឋានអ្នកប្រើប្រាស់របស់ខ្លួន ខណៈដែលក្រុមហ៊ុននេះកំពុងមានការព្រួយបារម្ភជាខ្លាំងទៅលើព័ត៌មានផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយ ដូចជាករណី រូបិយបណ្ណឌីជីថល ផងដែរ ។


បណ្តាញសង្គមដែលឈានមុខគេមួយនេះបាននិយាយថា ប្រាក់ចំណេញរបស់ខ្លួនមានដល់ទៅ៦ពាន់លានដុល្លារអាមេរិក លើប្រាក់ចំណូលដែលបានកើនឡើង២៨ភាគរយដល់ទៅ១៧,៤ ពាន់លានដុល្លារនៅក្នុងត្រីមាសដែលបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ។
ទន្ទឹមនឹងនេះដែរ ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែបានកើនឡើង៨ភាគរយពីមួយឆ្នាំមុនដល់២,៤៥ ពាន់លាននាក់ ។


លោក Mark Zuckerberg សហស្ថាបនិក Facebook បានថ្លែងថា“ យើងមានត្រីមាសល្អ ហើយសហគមន៍ និងអាជីវកម្មរបស់យើងនៅតែបន្តរីកចម្រើន” ។
លោកបានបញ្ជាក់ថា យើងផ្តោតលើការធ្វើឱ្យជឿនលឿនលើបញ្ហាសង្គមសំខាន់ៗនិងការកសាងបទពិសោធន៍ថ្មីៗដែលធ្វើអោយប្រសើរឡើងនូវការរស់នៅរបស់ប្រជាជននៅជុំវិញពិភពលោក ។


គេបានដឹងថា ភាគហ៊ុនរបស់ Facebook បានកើនឡើងជាង៤ ភាគរយ ក្នុងការធ្វើពាណិជ្ជកម្ម បន្ទាប់ពីទីផ្សារ ដែលបានបង្ហាញពីតួលេខនៃប្រាក់ចំណូលដែលផ្ទុយពីការរំពឹងទុករបស់សារព័ត៌មាន Wall Street ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top