ប្លែកៗ

ករណីសម្លាប់សេដ្ឋីនីថៃ និងយកសាកសព ញាត់ចូលទូរក្លាសេ ប៉ូលីសថៃ កំពុងតាមប្រមាញ់ឃាតក

បរទេស៖ មេប៉ូលីសជាតិថៃគឺលោកឧត្តមសេនីយ៍ Chakthip Chaijinda បានបញ្ជាឲ្យចាប់ខ្លួនបុរសសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់មហាសេដ្ឋីនីឈ្មោះ Wannee Jiracharoenying អាយុ ៥៨ ឆ្នាំ ដែលសាកសពរលួយត្រូវបានគេរកឃើញនៅក្នុងទូទឹកកកមួយនៅក្នុងផ្ទះ នៅសង្កាត់ចោមថង ខេត្តឈៀងម៉ៃ កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ការតាមចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានដីកាចាប់ខ្លួនមួយកាលពីថ្ងៃអង្គារ សម្រាប់លោក Withun Sitabut អាយុ ៣៩ ឆ្នាំ មកពីខេត្ត ឡាំប៉ាង ដែលឥឡូវនេះត្រូវបានគេចោទប្រកាន់ពីបទប្លន់ សម្លាប់លោកស្រី Wannee ដែលមកពីស្រុក Bang Phli នៃខេត្ត សាមុត សាខន ។

អ្នកនាំពាក្យប៉ូលីសជាតិបាននិយាយកាលពីថ្ងៃពុធថា លោក Withun នៅតែជាជនសង្ស័យតែម្នាក់គត់ ដែលត្រូវបានរកឃើញដោយក្រុមស៊ើបអង្កេតដែលកំពុងស៊ើបអង្កេតករណីឃាតកម្មនេះ។

លោកឧត្តមសេនីយ៍ Chakthip បានណែនាំថា រាល់បច្ចេកទេសស៊ើបអង្កេត ដែលអាចធ្វើទៅបានត្រូវបានដាក់ពង្រាយដើម្បីតាមចាប់ខ្លួនជនសង្ស័យ។ ប៉ូលីសបាននិយាយថា ជនសង្ស័យបានជួបជនរងគ្រោះជាលើកដំបូងនៅពេលដែលគាត់បាននាំនាង និងដូនជីព្រះពុទ្ធសាសនាមួយក្រុមទៅព្រះវិហារមួយសំរាប់ការប្រតិបត្តិធម៌។ ក្រោយមកពួកគេក្លាយជាមិត្តនឹងគ្នាហើយបានដើរផ្សារជាមួយគ្នាផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top