សុខភាព និង ផ្លូវភេទ

ត្រឹមតែ១០នាទីប៉ុណ្ណោះ សម្រាប់ដំណេកពេលថ្ងៃ?

យោងទៅតាមការសិក្សាស្រាវជ្រាវ របស់ជនជាតិអូស្ត្រាលី បានឲ្យដឹងថា ប្រសិនបើអ្នកចង់ធ្វើការ នៅពេលថ្ងៃរសៀល ឲ្យមានស្រស់ថ្លា រហ័សរហួននោះ អ្នកគ្រាន់តែគេង​មួយស្រឡេត ក្នុងរយៈពេល១០នាទី នៅពេលថ្ងៃបាយរួច នោះអ្នកនឹងទទួលបាន លទ្ធផលល្អជាងការគេង ក្នុងរយៈពេលកន្លះម៉ោងទៅទៀត។

ជាមួយគ្នានេះដែរ លទ្ធផលនៃការសិក្សាទៅលើការគេង​ របស់អ្នកស្មគ្រ័ចិត្ត ក្នុងរយៈពេលខុសៗគ្នា បានបង្ហាញឲ្យឃើញថា ការគេងថ្ងៃនៅក្នុងរយៈពេល ១០នាទី អាចជួយឲ្យអ្នក ធ្វើការនៅពេលថ្ងៃ មានអារម្មណ៏ស្រស់ស្រាយល្អ រហូតទៅដល់ទៅ៣ម៉ោង។

លទ្ធផលបានបង្ហាញឲ្យឃើញថា បន្ទាប់ពីបានគេងចំនួន ១០នាទីមក អ្នកស្ម័គ្រចិត្តទាំងអស់ មានអារម្មណ៏ស្រស់ថ្លា ក៏ប៉ុន្តែសំរាប់អ្នកដែលគេងថ្ងៃយូរ ជាង៣០នាទី មិនបានមានលទ្ធផល ដូចអ្នកទាំងនេះទេ ដោយមនុស្សនៅក្នុងក្រុមនេះ មានអាការៈងងីងងើ ហើយនៅតែមាន អារម្មណ៏ងងុយគេងដដែរ ដោយសារតែគេងយូរពេក។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ មើលទៅហាក់បីដូចជាចំលែកបន្តិច ប៉ុន្តែអ្នកស្រាវជ្រាវ បានធ្វើការសិក្សាម្តងទៀត ដោយការសិក្សាលើកក្រោយនេះ បានឲ្យអ្នកស្ម័គ្រចិត្ត ចូលរូមធ្វើតេស្តទាំងអស់ គេងក្នុងរយៈពេលខុសៗគ្នា ដែលក្នុងនោះ រួមមានរយៈពេល ៥នាទី ១០នាទី ២០នាទី និង៣០នាទី។

ក្រោយមកលទ្ធលនោះ បានបង្ហាញឲ្យឃើញថា អ្នកដែលបានគេង នៅក្នុងរយៈពេល១០នាទី នៅតែមានអារម្មណ៏ស្រស់ថ្លា ជាងគេដូចការសិក្សា កាលពីលើកមុនដែរ។ ចំណែកឯអ្នកដែលបានគេង ថ្ងៃក្នុងរយៈពេល២០នាទី និង ៣០នាទីវិញ នៅតែមាននអាការៈ ងងីងងើ ស្រពេចស្រពិល រហូតដល់ថ្នាក់ ផ្អាកធ្វើការសាកល្បង ក្នុងរយៈពេលកន្លះម៉ោង ក្រោយពីការគេងនោះ។ គួរបញ្ជាក់ដែរថា ប្រសិនបើអ្នកងងុយគេង នៅពេលថ្ងៃ អ្នកគួរតែធ្វើការសំរាក ក្នុងរយៈពេល១០នាទី ទើបជាការប្រសើរ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Most Popular

To Top