សុខភាព និង ផ្លូវភេទ

នៅប្រទេសឥណ្ឌូនេស៊ី ហាមរួមភេទមុនពេលរៀបការ រួមទាំងជនបរទេសផងដែរ

បរទេស៖ ការរួមភេទមុនរៀបការក្នុងប្រទេសឥណ្ឌូនេស៊ី នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូត ដល់មួយឆ្នាំ បន្ទាប់ពីសមាជិកសភារបស់ប្រទេសនេះ បានអនុម័តការកែប្រែដ៏ធំនៃក្រម ព្រហ្មទណ្ឌរបស់ប្រទេសកាលពីថ្ងៃអង្គារ បើទោះបីជាមានការតវ៉ាពីអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់ថ្មីដែលនឹងចូលជាធរមានក្នុងរយៈពេល ៣ ឆ្នាំ និងអនុវត្តចំពោះទាំងជនជាតិឥណ្ឌូនេស៊ី និងជនបរទេសដែលមកលេងប្រទេសនេះដូចគ្នា គឺហាមប្រាមរាល់ទំនាក់ទំនងផ្លូវភេទដែលមិនទាន់បានអាពាហ៍ពិពាហ៍ និងក៏ហាមឃាត់គូស្នេហ៍ដែលមិនទាន់រៀបការពីការរស់នៅជាមួយគ្នា ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៦ខែ។

ទោះជាយ៉ាងណាក៏ដោយ យោងតាមច្បាប់ចម្លងនៃក្រមព្រហ្មទណ្ឌដែលបានធ្វើវិសោធនកម្មឃើញដោយសារព័ត៌មាន Associated Press គឺថា មានតែសាច់ញាតិជិតស្និទ្ធរួមទាំងប្តីឬប្រពន្ធ ឪពុកម្តាយ ឬកូនប៉ុណ្ណោះ ដែលនឹងអាចលើកពាក្យបណ្តឹងបែបនេះជាមួយអាជ្ញាធរបាន។

សេចក្តីព្រាងច្បាប់នេះត្រូវបានគាំទ្រដោយគណបក្សនយោបាយ ទាំងអស់នៅក្នុងសភា។ ច្បាប់ក៏ដាក់ទោសទណ្ឌលើការលើកកម្ពស់ការពន្យារកំណើត ក៏ដូចជាការប្រមាថ ការប្រមាថដល់ប្រធានាធិបតី ឬស្ថាប័នរដ្ឋ ការតវ៉ាដោយគ្មានការអនុញ្ញាត និងការផ្សព្វផ្សាយទស្សនៈផ្ទុយទៅ នឹងមនោគមវិជ្ជានៃប្រជាជាតិភាគច្រើនមូស្លីម៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top