ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់នឹងបន្ត ដាក់បម្រាមគោរច ដោយសារមេរោគកូរ៉ូណា រហូតដល់ចុងខែមីនា 

បរទេស៖ ឯកសារព្រាងមួយ ដែលនឹងត្រូវបានពិភាក្សាដោយអធិការបតី លោកស្រី Angela Merkel និងថ្នាក់ដឹកនាំរដ្ឋនានា បានបង្ហាញនៅថ្ងៃអង្គារនេះថា ប្រទេសអាល្លឺម៉ង់គ្រោង បន្តដាក់បម្រាមគោចរ ដោយសារមេរោគកូរ៉ូណា រហូតដល់ថ្ងៃទី២៨ ខែមីនា ទន្ទឹងនឹងការបន្ធូរបន្ថយការរឹតបន្តឹងខ្លះៗ ចាប់ពីសប្ដាហ៍ក្រោយទៅ។

លោកស្រី Angela Merkel នឹងត្រូវធ្វើកិច្ចពិភាក្សាអំពីបម្រាមគោចរ និងជម្រើសបន្ធូរបន្ថយការរឹតបន្តឹង ជាមួយមេដឹកនាំរដ្ឋទាំង១៦ នៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលដែលករណីមេរោគកូរ៉ូណាក្នុងប្រទេសអាល្លឺម៉ង់ បានវាយប្រហារលើមនុស្សជាង២,៤លាននាក់ ហើយកំហឹងសាធារណជន មានការកើនឡើង ជុំវិញវិធានការរឹតបន្តឹង និងការយឺតយ៉ាវនៃថ្នាំវ៉ាក់សាំង។

ឯកសារព្រាងនោះនិយាយថា ចាប់ផ្តើមពីថ្ងៃទី០៨ ខែមីនាតទៅ មនុស្សចំនួន៥នាក់ជាកម្រិតអតិបរិមា ដោយមិនរាប់ចូលកុមារមានអាយុតិចជាង៤ឆ្នាំ នឹងត្រូវបានអនុញ្ញាតឲ្យជួបជុំគ្នា ហើយចំនួននេះ គឺកើនឡើងពីចំនួនមនុស្សពីរនាក់ជាអតិបរិមា នៅក្រោមច្បាប់បច្ចុប្បន្ន។
ក្រៅពីនោះ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ហាងលក់ផ្កានិងបណ្ណាគារ សួនច្បារនានា កន្លែងចាក់សាក់និងធ្វើក្រចក ព្រមទាំងហាងម៉ាស្សា ក៏នឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការជាថ្មីឡើងវិញផងដែរ៕

Most Popular

To Top