ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញដល់ UN ឲ្យចាត់វិធានការ ប្រឆាំងនឹង របស់អ៊ីស្រាអ៊ែល ចំពោះការគំរាមកំហែង កម្មវិធីនុយក្លេអ៊ែរ

តេហរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មាន Tasnim បានរាយការណ៍ កាលពីថ្ងៃពុធថា លោក Majid Takht Ravanchi ឯកអគ្គរដ្ឋទូតរបស់អ៊ីរ៉ង់ ប្រចាំនៅអង្គការ សហប្រជាជាតិ (UN) បានអំពាវនាវសុំឲ្យ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ហៅ កាត់ថា (UNSC) ដើម្បីចាត់វិធានការ ទៅលើការកើនឡើងពីការគំរាមកំហែង របស់អ៊ីស្រាអ៊ែល ដល់កម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហរ៉ង់ ។

នៅក្នុងលិខិត១ច្បាប់ផ្ញើជូន UNSC កាលពីថ្ងៃអង្គារ លោក Takht Ravanchi បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ចំនួន និងអាំងតង់ស៊ីតេនៃ “ការគំរាមកំហែងបង្កហេតុ និងការផ្សងព្រេង” របស់អ៊ីស្រាអ៊ែល ចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានកើនឡើងជាលំដាប់ និងឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ ។

ចំពោះការលើកឡើងនេះដែរ គឺថា ប្រេសិតអ៊ីរ៉ង់ បានសំដៅលើការកត់សម្គាល់ចុងក្រោយរបស់មន្រ្តីយោធាជាន់ខ្ពស់អ៊ីស្រាអ៊ែលអំពី “ផែនការប្រតិបត្តិការ ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់” ដោយបានលើកឡើងថា “ការគំរាមកំហែង ជាសាធារណៈនិងច្បាស់លាស់ជាប្រព័ន្ធដោយរបបអ៊ីស្រាអ៊ែល ប្រឆាំងនឹងសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ គឺជាការរំលោភបំពានច្បាប់អន្តរជាតិ “ ។

លោក Takht Ravanchi បានព្រមានប្រឆាំងនឹងសកម្មភាពយោធាណាមួយ ដែលអាចកើតមានរបស់អ៊ីស្រាអ៊ែល ប្រឆាំងនឹងអ៊ីរ៉ង់ និងកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ រក្សាសិទ្ធិក្នុងការការពារខ្លួន ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែងណា មួយដែលនឹងកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top