អង់ការ៉ា៖ ក្រសួងការពារជាតិតួកគីបានប្រកាសថា អង្គការណាតូ នឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល SAMP-T របស់អ៊ីតាលី នៅខេត្ត Konya ភាគកណ្តាល ដើម្បីបង្កើនសន្តិសុខដែនអាកាសរបស់ប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ចលនានេះកំពុងត្រូវបានអនុវត្តក្រោមផែនការការពារជាតិរបស់អង្គការណាតូ និងមានគោលបំណងពង្រឹងការការពារដែនអាកាសរបស់សម្ព័ន្ធមិត្ត។ សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា ប្រព័ន្ធដែលដំណើរការដោយអ៊ីតាលីនឹងត្រូវបានដាក់ពង្រាយនៅទីបញ្ជាការមូលដ្ឋានយន្តហោះចម្បាំងទី៣ ក្នុងទីក្រុង Konya។
ប្រព័ន្ធ SAMP-T ដែលត្រូវបានបង្កើតឡើងរួមគ្នាដោយបារាំង និងអ៊ីតាលី គឺជាប្រព័ន្ធមីស៊ីលចល័តពីដីទៅអាកាស ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់ការគំរាមកំហែងជាច្រើន រួមទាំងមីស៊ីលផ្លោងផងដែរ។
អង្គការណាតូ បានពង្រឹងវត្តមានរបស់ខ្លួននៅភាគអាគ្នេយ៍ប្រទេសទួរគីរួចហើយ ដោយដាក់ពង្រាយប្រព័ន្ធមីស៊ីល Patriot បន្ថែមទៅកាន់មូលដ្ឋានទ័ពអាកាស Incirlik ក្នុងខេត្ត Adana៕
ប្រែសម្រួល ឈូក បូរ៉ា
