បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក លោក ភីត ហិគសេត បានថ្លែងកាលពីថ្ងៃអង្គារថា ថ្លៃចំណាយរបស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ បានកើនឡើងរហូតដល់ ៣៧,៥ ពាន់លានដុល្លារហើយរហូតមកទល់ពេលនេះ ខណៈដែលលោកត្រូវប្រឈមមុខ ជាមួយក្រុមសមាជិកសភា ដែលពោរពេញដោយមន្ទិលសង្ស័យជាលើកដំបូង ចាប់តាំងពីការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ បានចាប់ផ្តើមឡើងវិញ ដើម្បីស្វែងរកកញ្ចប់ថវិកាបន្ទាន់ សម្រាប់ជម្លោះដែលមិនទទួលបានការគាំទ្រពីសាធារណជនមួយនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា ចំពេលដែលនៅសល់ពេលតែ ៦ខែទៀតប៉ុណ្ណោះ មុននឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិចូលមកដល់ ដែលនៅក្នុងនោះគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងត្រូវប្រឈមមុខនឹងការតស៊ូយ៉ាងលំបាក ដើម្បីរក្សាអាសនៈភាគច្រើនរបស់ពួកគេនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ ក្នុងការស្ទង់មតិសាធារណៈ ដោយពួកគេព្យាយាមផ្សារភ្ជាប់សង្គ្រាមអ៊ីរ៉ង់ ដែលមិនពេញនិយមនេះ ទៅនឹងបញ្ហាសមត្ថភាពជីវភាពរបស់ប្រជាជន។
លោក ហិគសេត បានប្រាប់ក្រុមសមាជិកសភានៅក្នុងសវនាការមួយក្នុងទីក្រុងវ៉ាស៊ីនតោនថា ទឹកប្រាក់ ៣៧,៥ ពាន់លានដុល្លារនោះ គឺរាប់បញ្ចូលទាំងទិដ្ឋភាពជាក់លាក់មួយចំនួននៃសង្គ្រាម ក៏ដូចជាការប៉ាន់ប្រមាណថ្លៃចំណាយរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ផងដែរ។
គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើមន្ទីរប៉ង់តាហ្គោន គណនាចេញជាតួលេខនេះដោយរបៀបណា។ ប្រភពមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ កាលពីខែមីនាថា រដ្ឋបាលរបស់លោក ត្រាំ បានប៉ាន់ប្រមាណថា រយៈពេល ៦ថ្ងៃដំបូងនៃសង្គ្រាម បានចំណាយអស់ថវិកាយ៉ាងហោចណាស់ ១១,៣ ពាន់លានដុល្លារទៅហើយ។
កាលពីខែមុន លោក ត្រាំ បានស្នើសុំសភាសម្រាប់ការផ្តល់កញ្ចប់ថវិកាបន្ថែមជិត ៩០ ពាន់លានដុល្លារ ដែលភាគច្រើននៃថវិកានោះគឺពាក់ព័ន្ធនឹងជម្លោះនៅអ៊ីរ៉ង់ ដែលនេះបានបើកផ្លូវឱ្យមានការប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំមួយទៀតជាមួយក្រុមសមាជិកសភា ដែលកំពុងមានការមិនពេញចិត្តនឹងសង្គ្រាមនេះ ហើយថែមទាំងត្រូវប្រឈមមុខនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកាខាងមុខទៀតផង។
ទាំងសមាជិកសភារបស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ សុទ្ធតែបានត្អូញត្អែរចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈមកថា លោក ត្រាំ និងក្រុមការងាររបស់លោក មិនបានផ្តល់ព័ត៌មានឱ្យពួកគេបានដឹងអំពីជម្លោះ ឬក៏ផែនការនានារបស់លោកនោះឡើយ។
