មូស្គូ៖ រុស្ស៊ី ត្រៀមចំណាយថវិកាជាង ២៥០ ពាន់លានរូបល (ប្រហែល ៣,១៤ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍ដ៏ទូលំទូលាយរបស់ខ្លួន នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីការផលិតយន្តហោះ លោក Mishustin បានឧ្យដឹងថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ ជាចម្បង ដើម្បីបង្កើនការទូទាត់ជាមុន ធានាការដឹកជញ្ជូនយន្តហោះ ជាង ៧០ គ្រឿង និងការរៀបចំផលិតកម្ម ពេញលេញនៅ តាមក្រុមហ៊ុនផលិតឈានមុខគេ និងសហគ្រាសដៃគូរបស់ពួកគេ។
លោកបានលេីកឡេីងថា រដ្ឋាភិបាលក៏នឹងផ្តល់ហិរញ្ញប្បទានដល់ការដឹកជញ្ជូនឧទ្ធម្ភាគចក្រ Mi-8MTV-1 ជាង ៧០ គ្រឿងទៅកាន់ក្រុមហ៊ុន អាកាសចរណ៍ក្នុងតំបន់ផងដែរ។
លើសពីនេះ អាជ្ញាធរកំពុងរៀបចំគម្រោងវិនិយោគមួយ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការដឹកជញ្ជូន យន្តហោះ Il-114-300 ក្នុងតំបន់សម្រាប់សេវាកម្មផ្លូវអាកាស នៅក្នុងតំបន់សហព័ន្ធចុងបូព៌ារបស់រុស្ស៊ី ក៏ដូចជាយន្តហោះ LMS-901 Baikal។
លោក Mishustin បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាផលិតកម្មយន្តហោះ និងការបំពេញការបញ្ជាទិញ ដែលបានគ្រោងទុករហូតដល់ឆ្នាំ ២០៣៥៕
ប្រែសម្រួល ឈូក បូរ៉ា
