បូហ្គោតា៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានឧ្យដឹងថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសគុយបា ដើម្បីបង្ហាញការជំទាស់ ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាការគំរាមកំហែងអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកថ្មីៗនេះប្រឆាំងនឹងប្រទេសកោះមួយនេះ។
លោក Petro បានសរសេរនៅលើបណ្ដាញសង្គម X ថា “ឥឡូវនេះមានការនិយាយអំពីការឈ្លានពាន និងមីស៊ីលនៅលើកោះគុយបា” ដោយកត់សម្គាល់ថា ប្រទេសគុយបាបានបណ្តុះបណ្តាលវេជ្ជបណ្ឌិតកូឡុំប៊ីចំនួន ២០០០នាក់ និងបានជួយអតីតប្រធានាធិបតី Juan Manuel Santos ធ្វើឱ្យមានសន្តិភាពជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី និងបានជួយសង្គ្រោះមនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោកជាមួយនឹងវ៉ាក់សាំង COVID-19 របស់ខ្លួន។
លោក Petro បានលេីកឡេីងថា “ទាំងមីស៊ីល ឬការឈ្លានពាន ឬការបិទផ្លូវមិនមែនជាដំណោះស្រាយ” ចំពោះបញ្ហាបច្ចុប្បន្នដែលមនុស្សជាតិកំពុងប្រឈមមុខនោះទេ។
លោកបានបន្ដថា “ខ្ញុំចង់បានពីប្រទេសគុយបា ដើម្បីប្រឆាំងនឹងសង្គ្រាមនៅការ៉ាប៊ីន” ដោយបន្ថែមថា មីស៊ីលដែលប្រើនៅការ៉ាប៊ីនប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀនបានសម្លាប់មនុស្សសាមញ្ញ ហើយដូចដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានបញ្ជាក់ថា “គ្មានប្រយោជន៍ទាំងស្រុង”។
លោក Petro បានបន្ដថា មនុស្ស ២៦១នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល រួមទាំងជនជាតិកូឡុំប៊ី ប្រហែល ៥០នាក់។ លោក Petro ត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុងហាវ៉ាណា នៅថ្ងៃសុក្រសម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកទីបីរបស់លោកទៅកាន់ប្រទេសគុយបា បន្ទាប់ពីដំណើរទស្សនកិច្ចនៅក្នុងខែមិថុនា និងខែកញ្ញា ឆ្នាំ២០២៣៕
ប្រែសម្រួល ឈូក បូរ៉ា
