ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Meta យល់ព្រមបង់ប្រាក់ រហូតដល់ ១៧ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយបណ្តឹង ទាមទារសំណងលើការញៀន ប្រព័ន្ធផ្សព្វផ្សាយសង្គម

ឡូសអាន់ជឺឡេស៖ ក្រុមហ៊ុន Meta ដែលជាម្ចាស់វេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook និង Instagram បានដោះស្រាយបណ្តឹងដ៏សំខាន់មួយកាលពីថ្ងៃពុធ ដែលប្តឹងដោយសម្ព័ន្ធភាពនៃរដ្ឋជាច្រេីនរបស់សហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ពីការញៀនប្រព័ន្ធផ្សព្វផ្សាយសង្គម។

ការដោះស្រាយដែលបានស្នើឡើងរួមមានការទូទាត់ប្រាក់រហូតដល់ ១៧ ពាន់លានដុល្លារអាមេរិក​ ដល់រដ្ឋនានាក្នុងរយៈពេល ១០ ឆ្នាំ រដ្ឋកាលីហ្វ័រញ៉ាតែមួយនឹងទទួលបានចន្លោះពី ១,៥ ពាន់លានដុល្លារ ទៅ ២,១ ពាន់លានដុល្លារ ប្រសិនបើការដោះស្រាយនេះត្រូវបានអនុម័តដោយតុលាការ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយលោក Rob Bonta អគ្គរដ្ឋអាជ្ញានៃរដ្ឋកាលីហ្វ័រញ៉ា។

កិច្ចព្រមព្រៀងនេះដោះស្រាយការអះអាងរបស់រដ្ឋចំនួន ៤៧ និងស្រុកកូឡុំប៊ី ព័រតូរីកូ សាម័រអាមេរិក និងកោះម៉ារីយ៉ាណាខាងជើងថា ក្រុមហ៊ុនបានរចនាវេទិការបស់ខ្លួនជាមួយនឹងលក្ខណៈពិសេសញៀន ធ្វើឱ្យអ្នកប្រើប្រាស់វ័យក្មេងរងរបួសផ្លូវចិត្តធ្ងន់ធ្ងរ និងបំភាន់សាធារណជនដោយចេតនាអំពីសុវត្ថិភាពនៃវេទិការបស់ខ្លួន ក្នុងចំណោមរឿងផ្សេងៗទៀត។

រដ្ឋកាលីហ្វ័រញ៉ា​ គឺជារដ្ឋមួយក្នុងចំណោមរដ្ឋដែលបានដាក់ពាក្យប្តឹងប្រឆាំងនឹងក្រុមហ៊ុន​ Meta ជាលើកដំបូងក្នុងឆ្នាំ ២០២៣។ ការកាត់ក្តីក្នុងសំណុំរឿងនេះបានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែសីហា នៅក្នុងតុលាការស្រុកសហរដ្ឋអាមេរិកសម្រាប់ស្រុកភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការដោះស្រាយនេះ ដែលស្ថិតនៅក្រោមការយល់ព្រមពីតុលាការ ផ្តល់នូវលក្ខខណ្ឌហាមឃាត់ដ៏រឹងមាំដែលត្រូវបានរចនាឡើង​ ដើម្បីជួយការពារកុមារពីគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្ត​ ដែលទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងដែនកំណត់ពេលវេលាប្រចាំថ្ងៃលំនាំដើមលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងការរារាំងការប្រើ ប្រាស់ពេលយប់ ដែលអាចត្រូវបានលើកដោយឪពុកម្តាយតែប៉ុណ្ណោះ ឧបករណ៍ត្រួតពិនិត្យឪពុក ម្តាយដែលប្រសើរឡើង វិធានការធានាអាយុដ៏រឹងមាំ​ ដើម្បីរកឃើញអ្នកប្រើប្រាស់អាយុក្រោម ១៨ ឆ្នាំ និងកុមារអាយុក្រោម ១៣ ឆ្នាំដែលនៅលើវេទិកា និងការតែងតាំងអ្នកសវនករ ឯករាជ្យដើម្បីត្រួតពិនិត្យការអនុលោមតាមច្បាប់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top