កូរ៉េខាងត្បូង៖នេះបើយោង តាមប៉ូលីសកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា សាស្ត្រាចារ្យជនជាតិចិនម្នាក់ ត្រូវបានចោទប្រកាន់ពីបទសម្លាប់ និស្សិតជនជាតិចិនដូចគ្នានៅប្រទេសកូរ៉េខាងត្បូង ដោយសារតែលោកខ្លាចទំនាក់ទំនងស្នេហា របស់ពួកគេនឹងត្រូវបានលាតត្រដាង និងធ្វើឲ្យលោកបាត់បង់ការងារនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ស្ថានីយ៍ប៉ូលីស Gyeongsan ខេត្ត Gyeongsang ខាងជើងប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុនបានបញ្ជូនសំណុំរឿងដែលពាក់ព័ន្ធនឹងលោក Zheng Changsheng អាយុ៣១ ឆ្នាំទៅកាន់ព្រះរាជអាជ្ញា និងបានបង្ហាញពីហេតុផលដែលសង្ស័យសម្រាប់ការសម្លាប់នេះ។
នេះបើយោងតាមកាសែត Korea JoongAng Daily បាននិយាយថា លោក Zheng ត្រូវបានបញ្ជូនមកឃុំខ្លួនពីបទសង្ស័យពីបទឃាតកម្ម បំផ្លាញ បោះបង់ចោល និងលាក់បាំងសាកសពនិស្សិតបញ្ចប់ការសិក្សាជនជាតិចិនម្នាក់នៅប្រទេសកូរ៉េខាងត្បូង និងរារាំងកាតព្វកិច្ចរបស់ប៉ូលីសតាមរយៈការបោកប្រាស់។
ប៉ូលីសបាននិយាយថា លោកត្រូវបានចោទប្រកាន់ពីបទសម្លាប់និស្សិតចិនអាយុ ២៥ ឆ្នាំនៅអាផាតមិនរបស់លោកនៅ Hayang-dong ខេត្ត Gyeongsan នៅព្រឹកព្រលឹមថ្ងៃទី ២០ ខែសីហា។ លោកបានកាត់សាកសពរបស់នាងជាបំណែកៗ ហើយបោះចោលសាកសពនៅទីតាំងជាច្រើន រួមទាំង Gyeongju និង Gunpo ខេត្ត Gyeonggi។
ក្រោយមក ប៉ូលីសបានកំណត់ថា លោក Zheng និងជនរងគ្រោះមានទំនាក់ទំនងស្នេហា។ ក្នុងអំឡុងពេលឈ្លោះប្រកែកគ្នា និស្សិតរូបនេះត្រូវបានចោទប្រកាន់ថា បានគំរាមរាយការណ៍ពីទំនាក់ទំនងនេះទៅសាកលវិទ្យាល័យ។ ប៉ូលីសជឿថា លោក Zheng ខ្លាចការបង្ហាញព័ត៌មាននេះអាចធ្វើឲ្យលោកបាត់បង់ការងារ ហើយបានសម្លាប់នាងចោលតែម្តងទៅ៕
