ថៃ ៖ យោងតាមរបាយការណ៍របស់អ្នកស៊ើបអង្កេតរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា អ្នកទេសចរជនជាតិអង់គ្លេសម្នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ បន្ទាប់ពីទទួលរងនូវផលវិបាកផ្នែកវេជ្ជសាស្រ្ត ក្រោយពីទទួលការវះកាត់ពង្រីកប្រដាប់ភេទ “លិង្គ” នៅទីក្រុងបាងកក ប្រទេសថៃ។
នេះបើយោងតាមការចុះផ្សាយរបស់ New York Post និយាយថា អ្នកស៊ើបអង្កេតបានសន្និដ្ឋានថា ការវះកាត់នេះពាក់ព័ន្ធនឹងការចាក់អាស៊ីត hyaluronic និង lidocaine ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្ទះសរសៃឈាមសួតដែលបណ្តាលឲ្យលោក Igho “Tiny” Ubiribo ស្លាប់ ។
នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post ថា លោក Ubiribo អាយុ ៤៣ ឆ្នាំ ជាំអ្នកលេងបណ្តាញសង្គម ដែលមានអ្នកតាមដានជាង ១៨៥,០០០នាក់នៅលើបណ្តាញសង្គម Instagram កំពុងវិស្សមកាលនៅទីក្រុងបាងកកជាមួយភរិយារបស់លោកគឺ អ្នកនាង Daniella Simba Allen នៅពេលលោកបានទៅគ្លីនិកមួយនៅទីក្រុងបាងកក ដើម្បីចាក់ថ្នាំពង្រីកប្រដាប់ភេទរបស់លោកនៅថ្ងៃទី ៥ ខែមីនា ។
នេះបើយោងតាមការចុះផ្សាយរបស់ The Nation Thailand បានចេញផ្សាយថា បន្ទាប់ពីការវះកាត់នេះ លោក Ubiribo និងដៃគូរបស់លោកបានទៅម៉ាស្សា បន្ទាប់មកលោកបានឈឺទ្រូង និងបាត់បង់ស្មារតី ២ ដង មុនពេលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យ Sukhumvit ទីក្រុងបាងកក។
គ្រូពេទ្យសង្ស័យថាមានជំងឺស្ទះសរសៃឈាមសួត ហើយបានគ្រោងធ្វើការស្កេន CT ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ។ ទោះជាយ៉ាងណាក៏ដោយ ក៏លោក Ubiribo បានបាត់បង់ស្មារតីមុនពេលការស្កេនអាចត្រូវបានអនុវត្ត។ បុគ្គលិកពេទ្យបានធ្វើ CPR អស់រយៈពេលជាង ១០០ នាទី ប៉ុន្តែគាត់មិនអាចរស់ឡើងវិញបានទេ ហើយបានស្លាប់នៅព្រឹកព្រលឹមថ្ងៃទី ៦ ខែមីនា។
ជំងឺស្ទះសរសៃឈាមសួតកើតឡើង នៅពេលសរសៃឈាមក្នុងសួតត្រូវបានស្ទះ ជាធម្មតាដោយកំណកឈាម ឬសារធាតុផ្សេងទៀតដែលធ្វើដំណើរទៅកាន់សួត។ ការស្ទះនេះអាចរឹតត្បិតលំហូរឈាម និងក្លាយជាការគំរាមកំហែងដល់អាយុជីវិត។
នេះបើយោងតាមកាសែត New York Post ថា អាស៊ីត Hyaluronic ត្រូវបានគេប្រើជាទូទៅក្នុងការចាក់សារធាតុបំពេញសម្រាប់ការពង្រីកលិង្គ។ នីតិវិធីបែបនេះអាចចំណាយរហូតដល់ ៩,000 ដុល្លារ ដោយលទ្ធផលជាធម្មតាមានរយៈពេលពី ៦ទៅ ៩ខែ ៕
