កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការប្រាស្រ័យទាក់ទងគ្នា រវាងតារាចម្រៀង នាង Jisoo ក្រុម BLACKPINK និង តារាសម្តែង លោក Jung Hae In បានក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយ បន្ទាប់ពីមានការសង្ស័យថា តារាស្រីរូបនេះហាក់ដូចជាមានអារម្មណ៍មិនស្រួលខ្លួន។
ថ្មីៗនេះតារាសម្តែងលោក Jung Hae In បានជួបប្រទះនឹងរឿងអាស្រូវមួយ បន្ទាប់ពីលោកបានបង្ហាញការគាំទ្រដល់ លោក Kim Soo Hyun។ នៅថ្ងៃទី ១០ ខែកញ្ញា តារាចម្រៀង នាង Jisoo បានចូលរួមក្នុងព្រឹត្តិការណ៍ New York Fashion Week របស់ម៉ាកយីហោ Tommy Hilfiger។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នោះ នាងបានជួប និងប្រាស្រ័យទាក់ទងជាមួយតារាល្បីៗជាច្រើន ហើយអ្នកលេងអ៊ីនធើណេតមានការរំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីឃើញនាងថតរូបជាមួយលោក Jung Hae In។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនពេញចិត្តនឹងការជួបជុំគ្នានេះ មានវីដេអូមួយត្រូវបានចែកចាយបង្ហាញថា នាង Jisoo ហាក់ដូចជាដើរចេញភ្លាមៗ បន្ទាប់ពីថតរូបជាមួយតារាសម្តែងរូបនោះ ដោយមិនបានបន្តការសន្ទនា ឬប្រាស្រ័យទាក់ទងអ្វីជាមួយគាត់ឡើយ។
ខណៈមានអ្នកខ្លះនិយាយលេងសើចថា នាង Jisoo គ្រាន់តែចង់ទៅជួបសមាជិកក្រុម Girls’ Generation ប៉ុណ្ណោះ អ្នកខ្លះទៀតយល់ឃើញថា តារាស្រីរូបនេះហាក់ដូចជាមានអារម្មណ៍មិនស្រួល ហើយបានភ្ជាប់រឿងនេះទៅនឹងរឿងអាមាស្រូវដែលទាក់ទងនឹងលោក Jung Hae In នាពេលថ្មីៗនេះ៕
