ព័ត៌មានអន្តរជាតិ

កំណត់ត្រាថ្មី! ពលរដ្ឋជប៉ុនអាយុលើស ១០០ឆ្នាំ កើនដល់ជាង ១០ម៉ឺននាក់ ស្របពេលក្តីបារម្ភ ផ្នែកសេដ្ឋកិច្ចកើនឡើង

ទីក្រុងតូក្យូ៖ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា ចំនួនពលរដ្ឋដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ បានកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺរហូតដល់ ១០៧ ៦៧៧ នាក់ កាលពីខែកញ្ញានេះ ។ នេះជាលើកទីមួយហើយដែលតួលេខនេះកើនលើស ១ សែននាក់ និងជាការកើនឡើង ៥៦ ឆ្នាំជាប់ៗគ្នា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន kyodo ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦។

​អត្រាយេនឌ័រ ក្នុងចំណោមនោះ ស្ត្រីមានចំនួនច្រើនលើសលប់រហូតដល់ ៨៧,៦% (ស្មើនឹងជាង ៩,៤ ម៉ឺននាក់)។
កំណត់ត្រាអាយុវែងជាងគេ បច្ចុប្បន្ន លោកយាយ Fuyo Kishimoto វ័យ ១១៤ ឆ្នាំ គឺជាស្ត្រីចំណាស់ជាងគេ និងលោកតា Hikaru Kato វ័យ ១១២ ឆ្នាំ គឺជាបុរសចំណាស់ជាងគេនៅជប៉ុន។

លោក Kenichiro Ueno រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្វាគមន៍ចំពោះអាយុកាលដ៏យឺនយូរនេះ ដែលជាលទ្ធផលនៃភាពជឿនលឿនផ្នែកវេជ្ជសាស្ត្រ។ យ៉ាងណាក្តី លោកបានក្រើនរំឭកថា កំណើនមនុស្សចាស់ និងការធ្លាក់ចុះអត្រាកំណើត កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសន្តិសុខសង្គម និងហិរញ្ញវត្ថុជាតិ។
​គួរបញ្ជាក់ថា កាលពីចាប់ផ្តើមស្រង់ទិន្នន័យដំបូងក្នុងឆ្នាំ ១៩៦៣ ជប៉ុនមានពលរដ្ឋវ័យ ១០០ ឆ្នាំ ត្រឹមតែ ១៥៣ នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន អាយុកាលសង្ឃឹមរស់ (Life expectancy) ជាមធ្យមនៅជប៉ុន គឺ ៨៧,៣៣ ឆ្នាំសម្រាប់ស្ត្រី និង ៨១,៣៥ ឆ្នាំសម្រាប់បុរស។

ប្រែសម្រួល៖ គីរី

Most Popular

To Top