ព័ត៌មានអន្តរជាតិ

អាកប្បកិរិយារបស់តារាចម្រៀងនាង Lisa ទៅលើអ្នកហាត់ការម្នាក់បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង

កូរ៉េ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ វីដេអូមួយដែលបង្ហាញវត្តមានរបស់តារាចម្រៀងនាង Lisa សមាជិកក្រុម BLACKPINK បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយនាំឲ្យតារារូបនេះទទួលរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងប្រព័ន្ធអ៊ីនធើណេត។

វីដេអូនោះត្រូវដកស្រង់ចេញពីកម្មវិធីប្រកួតប្រជែងស្វែងរកតារារបស់ចិនមានឈ្មោះថា «Youth With You Season 3» ដែលនាង Lisa បានចូលរួមក្នុងនាមជាគ្រូបង្ហាត់ដល់ក្រុមអ្នកហាត់ការ។ វគ្គមួយនេះនៅពេលកំពុងផ្តល់បទសម្ភាសន៍នៅលើឆាក បេក្ខជនម្នាក់ឈ្មោះ Rimiko ត្រូវបានគេឃើញថា មានអាការញ័រខ្លួនមិនឈប់។ នៅពេលកាមេរ៉ាផ្តោតទៅលើជើង និងដៃដែលកំពុងញ័ររបស់គាត់នោះ នាង Lisa ត្រូវបានគេឃើញថា កំពុងសើចចំអក ដូចទៅនឹងគណៈកម្មការ និងក្រុមការងារផ្សេងទៀតដែរ។

ទោះជាយ៉ាងណាក៏ដោយ វីដេអូនោះត្រូវបានគេលើកយកមកនិយាយឡើងវិញនៅលើបណ្តាញសង្គម X (ពីមុន Twitter) ដោយអ្នកលេងអ៊ីនធើណេតមួយចំនួនអះអាងថា Rimiko មានបញ្ហាថប់បារម្ភ ហើយនាង Lisa កំពុងតែសើចចំអកឲ្យគាត់។

នៅពេលការបង្ហោះនោះទទួលបានការចូលមើលជាង ៣ លានដង ការរិះគន់ក៏បានផ្ទុះឡើងយ៉ាងឆាប់រហ័ស ដោយមនុស្សជាច្រើនបានចោទប្រកាន់នាង Lisa ថា ជាមនុស្សខ្វះការយល់ចិត្ត និងគ្មានសុជីវធម៌ចំពោះប្រតិកម្មរបស់នាង។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនបានចេញមុខការពារតារារូបនេះ ដោយអះអាងថាវីដេអូនោះត្រូវបានគេយកមកបង្ហាញដោយមិនបានគិតពីបរិបទពេញលេញនៃហេតុការណ៍។ តាមពិតទៅ នៅពេលដែលវគ្គនោះត្រូវបានចាក់ផ្សាយក្នុងឆ្នាំ ២០២០ ប្រតិកម្មបែបនេះធ្លាប់បានបង្កឲ្យមានភាពចម្រូងចម្រាសស្រដៀងគ្នានេះម្តងរួចមកហើយ។ អ្នកទស្សនាដែលបានទស្សនាវគ្គពេញលេញបានពន្យល់ថា ផ្នែកទាំងមូលនៃកម្មវិធីត្រូវបានរៀបចំឡើងក្នុងលក្ខណៈកំប្លែង ហើយ Lisa មិនមានចេតនាអាក្រក់អ្វីនោះទេ។

ស្របពេលជាមួយគ្នានេះដែរ ថ្មីៗនេះនាង Lisa បានដាក់បញ្ចាំងជាលើកដំបូងនូវភាពយន្តឯកសារទោលរបស់នាងដែលមានចំណងជើងថា «Always Lalisa» នៅឯមហោស្រពភាពយន្តអន្តរជាតិ Toronto ហើយវាបានបង្កឲ្យមានការចាប់អារម្មណ៍ និងការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមរួចទៅហើយ៕

Most Popular

To Top