វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីពីក្រសួងការបរទេសអាមេរិក។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺធ្វើឡើង “ស្របតាមកាតព្វកិច្ចរបស់យើងក្នុងនាមជាប្រទេសម្ចាស់ផ្ទះ”។ ក្រសួងបានបន្ថែមថា គណៈប្រតិភូនឹង “ស្ថិតនៅក្រោមការរឹតបន្តឹងលើការធ្វើដំណើរ និងប្រឈមមុខនឹងការហាមឃាត់លើការទិញទំនិញប្រណីត និងទំនិញផ្សេងទៀត ស្របតាមគោលនយោបាយរបស់អាមេរិក”។
សប្តាហ៍កិច្ចប្រជុំកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian គ្រោងនឹងថ្លែងសុន្ទរកថានៅចំពោះមុខមហាសន្និបាត នៅថ្ងៃពុធ៕
ប្រែសម្រួល ឈូក បូរ៉ា
