ព័ត៌មានអន្តរជាតិ

តារាហូលីវូដ នាង Sydney Sweeney រងការរិះគន់យ៉ាងខ្លាំងចំពោះការបង្ហាញខ្លួនលក្ខណៈផ្លូវភេទក្នុងវិស័យកីឡា

អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងអាមេរិក នាង Sydney Sweeney បានទទួលការរិះគន់ពីសំណាក់កីឡាការិនីជាច្រើនរូប បន្ទាប់ពីនាងបានបង្ហាញខ្លួនក្នុងសភាពស្ទើរតែអាក្រាតកាយសម្រាប់ការផ្សាយពាណិជ្ជកម្មសម្រាប់វេទិកាព្យាករណ៍លទ្ធផលកីឡាមួយជាលក្ខណៈផ្លូវភេទធ្វើឲ្យប៉ះពាល់ដល់កីឡាការិនី។

យុទ្ធនាការផ្សាយពាណិជ្ជកម្មដែលមានរយៈពេលមួយនាទីនេះ ត្រូវបានចេញផ្សាយនៅថ្ងៃទី ៩ ខែកញ្ញា ដោយចាប់ផ្តើមឡើងជាមួយនឹងរូបភាពរបស់នាង Sweeney ក្នុងសភាពអាក្រាតកាយ ហើយប្រើប្រាស់បាល់ហ្វុតបាល់អាមេរិកចំនួន 2 គ្រាប់ដើម្បីបិទបាំងដើមទ្រូងរបស់នាង។

នាងបាននិយាយលើការផ្សាយពាណិជ្ជកម្មនោះថា គិតថា អ្នកយល់ដឹងច្រើនអំពីកីឡាឬ? ចូរបង្ហាញឲ្យឃើញជាក់ស្តែងមក។

ឈុតឆាកបន្តបន្ទាប់ តារាសម្តែងរូបនេះបានបង្ហាញខ្លួនក្នុងសភាពស្ទើរតែគ្មានសម្លៀកបំពាក់ ហើយធ្វើកាយវិការក្នុងទម្រង់កីឡាផ្សេងៗគ្នា រួមទាំងការអង្គុយអាក្រាតកាយនៅលើកងបាល់បោះ ការអង្គុយយោងនៅមុខបង្គោលទីកីឡាហុកគីលើទឹកកក និងការដេកនៅលើឧបករណ៍ការពាររាងកាយសម្រាប់កីឡាបាល់ឱប។

អត្តពលិកនារីជាច្រើនបានរិះគន់ការផ្សាយពាណិជ្ជកម្មនេះ ដោយលើកឡើងថាវាបានបង្ហាញស្ត្រីក្នុងន័យផ្លូវភេទ និងមើលរំលងការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងវិស័យកីឡា។ កីឡាការិនីហែលទឹកជនជាតិអូស្ត្រាលី Ariarne Titmus ជាម្ចាស់មេដាយមាសអូឡាំពិកចំនួន ៤ គ្រឿង បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងនៅពេលបានឃើញការផ្សាយពាណិជ្ជកម្មនេះ។

នាងបានសរសេរនៅលើបណ្តាញសង្គម Instagram ថា វាមិនត្រឹមតែជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់ស្ត្រីគ្រប់រូបដែលបានលះបង់ជីវិតដើម្បីពង្រឹងសមត្ថភាពកីឡារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ស្ត្រីគ្រប់រូបដែលស្រឡាញ់កីឡាដោយសារតែគុណតម្លៃពិតប្រាកដរបស់វា ដូចជាការធ្វើការជាក្រុម មិត្តភាព ការលះបង់ ឧត្តមភាព និងសាមគ្គីភាពផងដែរ។ តើយើងរស់នៅក្នុងពិភពលោកបែបណា ដែលការរកប្រាក់ចំណេញពីដងខ្លួនរបស់ស្ត្រី និងការធ្វើឱ្យកីឡារបស់ស្ត្រីក្លាយជារឿងទាក់ទងនឹងផ្លូវភេទ នៅតែបន្តកើតមាន?

កីឡាការិនីអត្តពលកម្មជនជាតិអង់គ្លេស Amy Hunt បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួតរត់ចម្ងាយ ២០០ ម៉ែត្រ នៅព្រឹត្តិការណ៍ Ultimate Championship ក្នុងទីក្រុង Budapest ប្រទេសហុងគ្រី កាលពីថ្ងៃទី ១៣ ខែកញ្ញា បានសម្លឹងមើលចំទៅកាន់កាមេរ៉ា ហើយផ្ញើសារទៅកាន់តារាសម្តែងរូបនោះ៕

Most Popular

To Top