កីឡា

ខ្លាចាស់ ឡុង ជិន បាត់បង់ឳកាសឡើង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោមថ្វីដៃ អ្នកស្រករក្រោយ ទូច ដេវីដ

ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ អ្នកប្រដាល់ជើងខ្លាំងឡុង ជិន ក្លិបខ្លារខិនមានរិទ្ធបានបាត់បង់ឳកាសឡើង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពី ប្រកួតចាញ់អ្នកប្រដាល់ជើងថ្មីទូច ដេវីដ ក្លិបអារុណរះកីឡាដោយពិន្ទុនោះ ។

ក្នុងការប្រកួតមានតែ៣ទឹកនោះឡុង ជិនត្រូវដេវីដវ៉ៃរាប់៨នៅទឹកទី២ ហើយនៅទឹកទី៣ឡុង ជិនវ៉ៃដេវីដឲ្យអាជ្ញាកណ្ដាលរាប់៨វិញបន្ទាប់ពីប្រកួតចប់ទឹកទី៣ជ័យជំនះបានទៅលើទូច ដេវីដ ។ លោក ផុន ផាន់ណា ជាគ្រូបង្វឹករបស់ឡុង ជិនរួមទាំងម្ចាស់ក្លិបផងនោះបានជេរ និងប្រើពាក្យសម្តីមិនសមរម្យចំពោះអាជ្ញាកណ្ដាល ចោះក្រម ព្រមទាំងអ្នកវ៉ែជួង ទៀតផង ។

នេះជាកាយវិការមួយដែលសហព័ន្ធ ប្រដាល់គុនខ្មែរគួរតែមានវិធានការចំពោះម្ចាស់ក្លិប គ្រូបង្វឹកដែលមិនទទួលយកការពិតហើយជេរប្រទិចបែបនេះ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែលកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ ដែលត្រូវប្រកួតជាមួយស៊ន រ៉ាសគីម ក្លិបរាហ៊ូខេត្តបាត់ដំបងនោះត្រូវបាន ដាក់ឲ្យប្រកួតជាមួយណាម ម៉ូរ៉ាក់ក្លិបពន្លឺខេត្តបាត់ដំបងវិញ ដោយសារតែរ៉ាគីមមានបញ្ហាសុខភាពមិនអាចប្រកួតបាន ។

ការប្រកួតនេះទោះបីកូយ ឡាយចាញ់ក៏គេបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ព្រោះម៉ូរ៉ាក់មិនមែនជាគូប្រកួតរបស់គេឡើយ ទោះជាយ៉ាងណាក៏កូយ ឡាយផ្ដួលណាម ម៉ូរ៉ាក់នៅទឹកទី១៕

ដោយ៖ លី ភីលីព

Most Popular

To Top